ស្ពានថ្មថ្មី តម្លៃ ៦០ម៉ឺនដុល្លារ នៅមុខសាលាខេត្តបាត់ដំបង សម្រេចបានប្រមាណ៤០ទៅ៥០ភាគរយ ហើយ
ស្ពានថ្មថ្មីមុខសាលាខេត្តបាត់ដំបង ដែលកំពុងតែដំណើរការសាងសង់ថ្មី ទន្ទឹមនិងស្ពានថ្មចាស់ដ៏ចំណាស់ជាង១០០ឆ្នាំ។ ហើយគិតត្រឹម ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ស្ពានថ្មថ្មី ដែលជាអំណោយសប្បុរសជនខ្មែររស់នៅប្រទេសស្វីស និងមានតម្លៃប្រមាណ ៦០ម៉ឺនដុល្លារ បាននិងកំពុងតែអនុវត្តយ៉ាងសកម្មការងាររបស់ខ្លួន នូវផ្នែកគ្រឹះស្ពានខាងក្រោមជិតរួចរាល់ហើយ។យ៉ាងយូរគឺនៅដើមខែមេសា២០២០នេះ នឹងអាចឈានដល់ការរៀបចំនៅផ្នែកខាងលើស្ពាន ជាបន្តទៀត។

នេះបើយោងតាមការគូសបញ្ជាក់ពីមន្ត្រីដែលកំពុងបំពេញការងារនៃកងកម្លាំងវិស្វកម្មដែលនៅទីនោះ។ហើយអ្វីដែលជាការអះអាងឲ្យដឹងបន្ថែមទៀតនោះនិងការប៉ាន់ប្រមាណវាយតម្លៃពីការងារ សាងសង់របស់ខ្លួន ស្ពានថ្មថ្មីនេះអាចនិងសាងសង់រួចរាល់មុនកាលកំណត់ផែនការរបស់ខ្លួន យ៉ាងយូរនៅខែ០៦ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា៖ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និង ស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម ក្រោមវត្តមានជាអធិបតីពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង។

ថ្លែងនៅក្នុងពិធីសម្ពោធនូវអាគារសិក្សាថ្មីមួយកន្លែងនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា៖ តម្លៃស្ពានថ្មថ្មីនេះ មានតម្លៃ សរុប៦០ ម៉ឺនដុល្លារអាមេរិក មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់។ ការសាងសង់ស្ពានថ្មីនេះ មានបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ គឺជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនរស់នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅបាត់ដំបង និងផ្តល់តាមរយៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់។

តាមការឲ្យដឹងពីមន្ត្រីសាងសង់ស្ពានថ្មីនេះ ក៏បានឲ្យដឹងផងដែថា៖ស្ពានថ្មីនេះគ្រោងសាងសង់ រយៈពេល៦ខែនឹងរួចរាល់ជាស្ថាពរ។ កន្លងទៅឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្លោយឲ្យដឹងថាស្ពានថ្មីនេះអាជ្ញាធរខេត្តគ្រោងដាក់ស្ពាននេះ ឲ្យប្រើប្រាស់ជាស្ពានឆ្លងឯកទឹសក្នុងការធ្វើចរាចរណ៍ទូទៅគឺជា “ស្ពានឯកទឹស” នៅក្បែរទន្ទឹមគ្នាស្ពានថ្មចាស់ ស្ថិតនៅចំពីមុខសាលាខេត្តចាស់ដដែល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានផ្តោតការវាយតម្លៃនិងរំពឹងទុកថាក្រោយពីការសាងសង់ស្ពានថ្មីនេះរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវកាហើយនោះ ស្ពាននៅទីនេះ ពិតជាផ្តល់នូវផលប្រយោជន៍ក្នុងការកាត់បន្ថយបានការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងបាត់ដំបង បានល្អប្រសើរមួយកម្រឹតថែមទៀត៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប







