តម្លៃប្រេងឆៅនៅតែបន្តធ្លាក់ចុះទៀត បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមទម្លាក់ថ្លៃប្រេង និងវីរុស COVID-19
បរទេស៖ តម្លៃប្រេងឆៅបានបន្តដាំក្បាលចុះនៅថ្ងៃទី១៧ ខែមីនានេះ ក្រោយមានសង្គ្រាមទម្លាក់ថ្លៃរវាងអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ព្រមទាំងការព្រួយបារម្ភដែលបង្កឡើងដោយវីរុសCOVID-19 ដែលនាំឱ្យមានការធ្លាក់ថ្លៃប្រេងប្រចាំសប្តាហ៍ធំៗបំផុត ដែលគេមិនដែលធ្លាប់ជួបប្រទះនារយៈពេលជាងមួយទសវត្សរ៍មកនេះ ។

ប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះក្រោម៣០ដុល្លារក្នុងមួយបារ៉ែលនាពេលថ្មីៗនេះ នៅថ្ងៃទី១៧ ខែមីនានេះវិញ បានបន្តធ្លាប់ចុះមកនៅត្រឹម២៩.៦២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (១៥៩លីត្រ) ។ ចំនែកឯ តម្លៃប្រេង Brent មានតម្លៃ៣២.៧៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលកាលពីថ្ងៃទី១៦ ខែមីនា ប៉ុន្តែនៅថ្ងៃទី១៧ ខែមីនាវិញ បានធ្លាក់ចុះមកនៅត្រឹម៣០,៥១ដុល្លារអាម៉េរិក ។

សូមជម្រាបថា សង្គ្រាមទម្លាក់ថ្លៃប្រេងបានផ្ទុះឡើងនាពេលថ្មីៗនេះ ក្រោយប្រទេសផលិតប្រេងធំជាងគេ គឺអារ៉ាប៊ីសាអូឌីត និងសមាជិកដទៃទៀតនៃសម្ព័ន្ធភាពក្រុមប្រទេសផលិតប្រេង បានជំរុញឱ្យកាត់បន្ថយការផលិតប្រេង នៅពេលតំរូវការប្រេងធ្លាក់ចុះគំហុកដោយ សារតែការផ្ទុះជម្ងឺឆ្លងកូវីដ-១៩ ។ តែដៃគូមួយក្នុងសម្ពន្ធភាពនេះ គឺរុស្ស៊ី ដែលជាអ្នកលិតធំលំដាប់ទី២ក្នុងលោកមិនព្រម ទើបនាំឱ្យអារ៉ាប៊ីសាអូឌីតបញ្ចុះថ្លៃប្រេងជាខ្លាំង ហើយបែរជាប្តេជ្ញាបង្កើនផលិតកម្មប្រេងដើម្បីអោយជោរជន់ទីផ្សារទៅវិញ ៕



