អភិបាលខេត្តរតនគិរីសាទរចំពោះជ័យលាភីលេខ១ដល់លេខ៣ ផ្នែកអានពានរង្វាន់សម្តេចតេជោហ៊ុនសែននិងជម្រុញលើកទឹកចិត្តឲ្យខំរៀនបន្ថែមទាំងសិស្សដែលមិនជាប់ជ័យលាភីក៏ត្រូវតែខិតខំបន្ថែមទៀត
រតនគិរី : ឯកឧត្តម ថង សាវុន អភិបាលេេខេត្តរតនគិរីបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលេីកទី៥ សិស្សពូកែជ័យលាភីលេខ១ ដល់លេខ៣ ថ្នាក់ទី៩ និងទី១២ ថ្នាក់ខេត្ត ផ្នែក៖ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ប្រចាំឆ្នាំ ២០១៩- ២០២០ ដែលបានប្រារព្ធធ្វើនៅសាលមហោស្រព សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍អបអរសាទរចំពោះសិស្សានុសិស្សជាប់ជ័យលាភីសិស្សពូកែទូទាំងខេត្តឆ្នាំ២០១៩-២០២០ និងគណៈកម្មការមេប្រយោគ ព្រមទាំង លោកគ្រូអ្នកគ្រូដែលបានជួយ ឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូននិងទទួលបានលទ្ឋផលល្អ ។

ក្នុងនោះឯកឧត្តមក៏បានជម្រុញលើកទឹកចិត្ត និង ផ្តល់អនុសាសន៍ ដល់សិស្សដែលមិនបានជាប់ជ័យលាភី សូមកុំឲ្យបាក់ទឹកចិត្ត បើក្មួយៗបន្តខំរៀនបន្ថែមទៀត ទោះមិនជាប់ជ័យលាភីសិស្សពូកែក៏ប្អូនៗក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និង អាចទទួលបាននិទ្ទេសល្អផងក៏មាន ។ កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និង អ្នកមិនជាប់ជ័យលាភី គឺមិនត្រូវបោះបង់ការសិក្សាឡើយ ។

ឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់ក្មួយៗដែលទទួលបានជ័លាភីសិស្សពូកែ និង ជាសិស្សពូកែទាំងអស់ត្រូវបន្តខិតខំកសាងខ្លួន ឲ្យក្លាយជាយុវជនជឿនលឿន ជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ។ ជាពិសេសជ័យលាភីសិស្សពូកែទាំងបីមុខវិជ្ជាទាំងពីរកម្រិតថ្នាក់ ទាំងថ្នាក់ទី៩និងថ្នាក់ទី១២ ក៏ត្រូវត្រៀមខ្លួនចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិលើមុខវិទ្យា អក្សរសិល្ប៍ខ្មែរ,គណិតវិទ្យា,និងរូបវិទ្យា នៅខេត្តបាត់ដំបងនាពេលខាងមុខអោយទទួលបានេជោគជ័យ។ នាំមកនូវកិត្តិយសថ្មីៗទៀតជូនគ្រួសារនិងខេត្តរតនគិរីរបស់យើង។

បើតាមការលើកឡើងពីសំណាក់លោកខាត់សាម៉ាល់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានអោយដឹងថារទិវាអំណាន ដែលមន្ទីរអប់រំ និងកីឡាបានធ្វើការប្រារព្ធធ្វើកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លើវិញ្ញាសា ស្មូត តែងនិពន្ធនិងការអាន ជាលទ្ធផលសម្រាប់ថ្នាក់ ខេត្ត លេខ១ផ្នែកស្មូតបាន ទៅលើស្រុកអូរយ៉ាដាវ។ ផ្នែកតែងនិពន្ធលេខ១បានទៅលើក្រុងបានលុង។ ផ្នែកអានលេខ១បានទៅ លើក្រុងបានលុង។ហើយ មន្ទីរបានបញ្ជូនបេក្ខភាពទាំង៣រូប ចូលរួមប្រកួតប្រជែងថ្នាក់ជាតិ ទទួលបានលទ្ធផលយ៉ាងត្រចះត្រង់ដោយកុមារី នាង អេលីណា មកពីសាលាគ្រូយើងក្រុងបានលុងទទួលបានជ័យលាភីលេខ១ពានរង្វាន់សម្តេចតេជោហ៊ុនសែនផ្នែកអាន។

លោកប្រធានមន្ទីរបន្តថាការប្រឡងសិស្សពូកែទូទាំងខេត្តមានគ្រឹះស្ថានសិក្សាមធ្យមសិក្សារដ្ឋនិងឯកជនសរុប២៥គ្រឹះស្ថានសម្រាប់ថ្នាក់ទី១២និងទី៩លើមុខវិទ្យាភាសាខ្មែរ,គណិតវិទ្យា, និងរូបវិទ្យា ដែលមានបេក្ខជនចូលរួមប្រឡងចំនួន២០៨នាក់ស្រី១៦១នាក់។ ជាលទ្ធផលទទួលបានរួមមាន៖
ថ្នាក់ទី១២ ជ័យលាភីលេខ១ អក្សរសិល្ប៍ខ្មែរ បានទៅលើវិទ្យាល័យអន្ទេវាសិកដ្ឋានបានលុង។ គណិតវិទ្យា បានទៅលើវិទ្យាល័យហ៊ុនសែនភូមិថ្មី ។ រូបវិទ្យា បានទៅលើ វិទ្យជាល័យគ្រូយើង ។ជ័យលាភី លេខ២ អក្សរសិល្ប៍ខ្មែរ បានទៅលើវិទ្យាល័យគ្រូយើង ។ គណិតវិទ្យា បានទៅលើវិទ្យាល័យសម្តេចឪសម្តេចម៉ែ។ រូបវិទ្យា បានទៅលើវិទ្យាល័យហ៊ុនសែនភូមិថ្មី ។ ជ័យលាភី លេខ៣ អក្សរសិល្ប៍ បានទៅលើវិទ្យាល័យសម្តេចឪសម្តេចម៉ែ។ គណិតវិទ្យា បានទៅលើវិទ្យាល័យហ៊ុនសែនភូមិថ្មី។ រូបវិទ្យា បានទៅលើវិទ្យាល័យសម្តេចឪសម្តេចម៉ែ។

ថ្នាក់ទី៩ ជ័យលាភីលេខ១ អក្សរសិល្ប៍ បានទៅលើអនុវិទ្យាល័យបរកែវ។ គណិតវិទ្យា បានទៅលើវិទ្យាល័យសម្តេចឪសម្តេម៉ែ។ រូបវិទ្យា បានទៅលើអនុវិទ្យាល័យបរកែវ។ ជ័យលាភីលេខ២
អក្សរសិល្ប៍ខ្មែរ បានទៅលើវិទ្យាល័យហ៊ុនសែនភូមិថ្មី។ គណិតវិទ្យា បានទៅលើវិទ្យាល័យគ្រូយើង។ រូបវិទ្យា បានទៅលើវិទ្យាល័យគ្រូយើង។ ជ័យលាភីលេខ៣ អក្សសិល្ប៍ខ្មែរ បានទៅលើអនុវិទ្យាល័យអូរយ៉ាដាវ។ គណិតវិទ្យា បានទៅលើវិទ្យាល័យគ្រូយើង។ រូបវិទ្យា បានទៅលើវិទ្យាល័យគ្រូយើង៕ដោយ គតិ យុត្ត



