រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសបិទប្រទេសរយៈពេល០២សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានថ្លែងថា ប្រទេសរបស់លោកនឹងហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ហើយហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេស សម្រាប់រយៈពេល០២សប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១៨ ខែមីនាតទៅ នេះបើតាមសារព័ត៌មាន CNA ។

ចំណែកឯពិធីជួបជុំនៅតាមទីសាធារណៈ សកម្មភាពនានានៅក្នុងប្រទេសទាំង មូល មានដូចជាព្រឹត្តិការណ៍សាសនា ជំនួបកីឡា សកម្មភាពវប្បធម៌ និងសង្គម នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ។ នាឱកាសថ្លែងទៅកាន់ប្រជាជាតិម៉ាឡេស៊ី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបាននិយាយថា បទបញ្ញត្តិទាំងនេះ គឺជាផ្នែកមួយនៃការរឹតត្បិតការធ្វើដំណើរ ដែលអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុង គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃវីរុស COVID-19 ចំនួន១២៥នាក់ទៀត ក្នុងនោះមាន៩៥ករណីមានជាប់ទាក់ទងជាមួយនឹងពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៊ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង ទីក្រុងគូឡាំឡាំពួរ ។ បើធ្វើការបូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅម៉ាឡេស៊ីបានកើនដល់៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង៤០នាក់បានជាសះស្បើយ ៕



