ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់, លោក កូយ កាន់យ៉ា ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែងជាព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ជំនួសលោក តន់ សីហតេជ «អតីព្រះរាជអាជ្ញា» វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ដែលត្រូវទទួលតំណែងថ្មី ជា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ អមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។

បន្ទាប់ពីឯកឧត្តម អ៊ួង សុភារិន អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ តែងតាំងមុខតំណែង, ពិធីប្រគល់ត្រា ព្រះរាជអាជ្ញា និងមតិប្តេជ្ញាចិត្ត របស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ រួចមក, ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ច របស់អាជីពចៅក្រម ព្រះរាជអាជ្ញា ឬមន្ត្រីរាជការនានាៗ គឺជាផ្នែកមួយ នៃកំណែទំរង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិធម៌។

ឯកឧត្តម រដ្ឋលេខាធិការបានជំរុញ ឱ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែង ថ្មី ត្រូវបង្កើន កិច្ចសហការជាមួយ អាជ្ញាធរ ដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគោរពច្បាប់ឱ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ដែល កើតមានផ្សេង ៗ ក្នុងរដ្ឋបាល ខេត្តពោធិ៍សាត់៖ ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ ជាពិសេស គ្រឿងញៀន ជា អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកំពុងតែចាត់ វិធានការទប់ស្កាត់យ៉ាងតឹងរឹង ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវសម្បជញ្ញៈមនសិការខ្ពស់ក្នុងការផ្តល់សេវា យុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយ តម្លាភាព សមភាព និងយុត្តិធម៌ ស្របតាម ច្បាប់ គឺសំដៅធ្វើយ៉ាងណា ឱ្យមនសិការ កាន់តែទទួល នូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ត្រូវអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួន យ៉ាង ម៉ឹង មាត់ព្រោះ ក្រមសីលធម៌ នេះជាត្រីវិស័យសម្រាប់ជួយ តម្រង់ផ្លូវ ឱ្យចៅក្រម និងព្រះរាជអាជ្ញាបានក្លាយខ្លួន គោរពច្បាប់ដែលជាសកម្មភាព ខ្ពស់ក្នុង គោលបំណងពង្រឹងសេចក្តី ថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ច តុលាការ។ ត្រូវជំរុញលើកកម្ពស់ឯករាជ្យភាពរបស់តុលាការដើម្បីធ្វើយ៉ាងណា ឱ្យខ្លួនក្លាយជាបុគ្គលដែល មានចរិតយុត្តិធម៌ ។ ជាមួយនឹងអាគាររដ្ឋបាលថ្មី សាលាដំបូងខេត្ត ឯកឧត្ដម ព្រហ្ម សិទ្ធត្រា បានស្នើ រៀបចំទុកដាក់ បញ្ជីរឿង ក្តី ឱ្យ បានត្រឹមត្រូវ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងបន្តចាត់ការ ឱ្យបានទាន់ ពេលវេលា ទៅតាមនីតីវិធី ដែលច្បាប់បាន កំណត់ ជៀសវាង ទុកសំណុំរឿងចោល ដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការ ឃុំខ្លួន ជនសង្ស័យ ឬ ជនល្មើស លើសការកំណត់នៃច្បាប់ ៕








