ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ផ្តល់កម្ចីការប្រាក់ទាប ដល់វិស័យកែច្នៃផលិតផលកិសកម្ម ក្នុងគ្រាដែលមានវិបត្ដិ Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធ EBA

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ៥០លានដុល្លារ គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការរបស់ធនាគារអភិវឌ្ឍន៍ជនបទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទើបប្រែក្លាយពីធនាគារឯកទេស មកជាធនាគារពាណិជ្ជ បានប្រកាសថាកញ្ចប់ឥណទាន៥០លានដុល្លារ ត្រូវបានបើកទូលាយឲ្យសហគ្រាសក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានទំហំឥណទាន រហូតដល់៣០ម៉ឺនដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាប ដើម្បីឲ្យសហគ្រាសក្នុងវិស័យទាំងនេះ រស់បានរឹងមាំក្នុងគ្រា ដែលមានវិបត្ដិ Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធ EBA។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះថា តាមការរំពឹងកញ្ចប់ហរិញ្ញប្បទានពិសេស៥០លានដុល្លារនេះ នឹងជួយដល់សហគ្រាសប្រមាណជា៥០០នៅកម្ពុជា ដើម្បីអាចពង្រឹងសមត្ថភាព និងគុណភាព ស្របតាមស្ដង់ដារ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា «គោលបំណងចង់ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ពង្រីកខ្លួន ទន្ទឹមនឹងនៅពេល ដែលមានវិបត្ដិមួយចំនួនដូចជា Covid-19 និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មួយចំនួន ក៏ដូចជាពង្រឹកការងារ សម្រាប់ប្រជាពលរដ្ឋ»។

ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំជាគោលនយោបាយផ្ដល់ជាឥណទានជាពិសេសនេះ ដល់សហគ្រាសធុនតូច និងមធ្យម ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ លោកថា ដើម្បីអាចខ្ចីកម្ចីនេះបានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដាក់ចេញនូវលក្ខខណ្ឌមួយចំនួនឲ្យសហគ្រាសធុនតូច និងមធ្យមរួមមាន៖

ទី១ យកកញ្ចប់នេះពង្រឹងការងារចន្លោះពី៥ ទៅ១០កន្លែងនៅក្នុងសហគ្រាសរបស់ខ្លួននីមួយៗ។

ទី២ អត្រាការប្រាក់ ដែលបានផ្ដល់ជូនជាអត្រាការប្រាក់ទាប៦ភាគរយ ក្នុង១ឆ្នាំ សម្រាប់ជាទុនបង្វិល ហើយ៦.៥ភាគរយសម្រាប់ទុនវិនិយោគ ដែលអាចផ្ដល់ជូន ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ទី៣ សម្រាប់វត្ថុធានាបំណុល គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែទទួលយក ដែលផ្ដល់ជូនរហូតដល់៨០ភាគរយនៃតម្លៃវត្ថុបំណុលនោះ។

ឯកឧត្តម កៅ ថាច បន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនវត្ថុធានាបំណុល ដោយមិនតម្រូវតែអចលវត្ថុនោះទេ ដូចជារោងចក្រ ជាសម្ភារ និងម៉ាស៊ីនសម្រាប់ផលិតជាដើម ក៏អាចដាក់ធានាបានដែរ។ ធនាគារនឹងធ្វើការបណ្ដុះបណ្ដាល ដល់សហគ្រានទាំងនោះ ដើម្បីឲ្យមានរៀបចំជាផែនការអាជីវកម្ម, មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដែលមានការសហការជាមួយក្រុមការងាររបស់ធនាគារ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner