មេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ បានចុះជួយរុះរើ និងសាងសង់លំនៅដ្ឋាន ព្រមទាំងនាំយកអំណោយមួយចំនួន ទៅផ្តល់ជូនគ្រួសារយុទ្ធជន ដែលរងគ្រោះ និងរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ នៅក្នុងខេត្តឧត្តរមានជ័យ !
ខេត្តឧត្តរមានជ័យ៖ គ្រួសារកងទ័ព ៦គ្រួសារ បានរងគ្រោះ និងរងផលប៉ះពាល់ពីខ្យល់កន្ក្រាក់ និងអគារកងទ័ព៤ខ្នង បានរងការរបើកដំបូល នៅក្នុងគ្រាដែលខ្យល់បោកបក់មកចំ លាយឡំជាមួយភ្លៀងកក់ខែមួយមេ បានស្រោចស្រពមកលើលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលម៉ោងជាង៣ នាថ្ងៃទី១៤មីនាឆ្នាំ២០២០។

មានការខូចខាតធ្ងន់៣ខ្នង និង៣ខ្នងទៀត រងការខូចខាតស្រាល របើកដំបូលនោះមក នៅថ្ងៃទី១៥មីនា ចុងសប្តាហ៍ម្សិលមិញនេះ មេបញ្ជាការវរៈសេនាតូចលេខ៤១១ ចំណុះកងពលតូចថ្មើរជើង លេខ៤១ នៃយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ តំណាងលោកឧត្តមសេនីយ៍ទោ នាង ឃីម បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចុះជួយរុះរើ ជួសជុល និងសាងសង់ផ្ទះ ជូនគ្រួសារកងទ័ព បានស្នាក់នៅជាបណ្តោះអាសន្នឡើងវិញ ព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារកងទ័ព ៦គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់នោះ។

លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ បានប្រាប់អោយដឹងថា ផ្ទះគ្រួសារកងទ័ពទាំង៦ខ្នងនោះ ៣ខ្នងរងការខូចខាតទាំងស្រុង ៣ខ្នងរងការខូចខាតស្រាល របើកដំបូល និងអគារកងទ័ព៤ខ្នង បានរងការរបើកដំបូលស្ទើរទាំងស្រុង បន្ទាប់ពីខ្យល់បានបោកបក់មកចំ ដោយមានលាយឡំជាមួយភ្លៀងកក់ខែមួយមេ ផងដែរ។ លោកឧត្តមសេនីយ៍ បានបន្តទៀតថា ដោយមើលឃើញពីការលំបាករបស់គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋឯទៀតនោះ មេបញ្ជាការកងពលតូចថ្មើជើង លេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានចាត់លោកដឹកនាំកម្លាំងក្រោមឧិវាទ ចុះជួយរុះរើ ជួសជុល និងសាងសង់ផ្ទះជូនគ្រួសារកងទ័ព បានស្នាក់នៅជាបណ្តោះអាសន្ន ហើយបាននាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះ និងរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ ៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៣បេ ត្រីខកំប៉ុង៣យួរ ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ មី៣កេះ ប្រេងឆា៣ដប ស្ករស៣គីឡូក្រាម អំបិល៣គីឡូក្រាម ឆៃពៅ៣គីឡូក្រាម និងថវិកា ចំនួន៩០ម៉ឺនរៀល ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ចំពោះគ្រួសារកងទ័ពដែលរងគ្រោះ និងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ទាំង៦គ្រួសារ ក៏ដូចជាគ្រួសារយុទ្ធជនឯទៀត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ចំពោះការកើតឡើង នៃបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ ផ្គររន្ទះ និងគ្រោះមហន្តរាយផ្សេងៗទៀត ដែលបង្កឡើងដោយធម្មជាតិ។

លោកថា សម្ភារៈ និងថវិកាដែលបានផ្តល់ជូនបងប្អូននៅក្នុងពេលនេះ គឺជាចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែ អាចជួយរំលែកការខ្វះខាតរបស់បងប្អូនបានមួយវេលាដែរ នេះសរបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ នៅតែយកចិត្តទុកដាក់ចំពោះភាពសុខទុក្ខរបស់បងប្អូន នៅពេលជួបប្រទះនឹងការលំបាក គ្រប់ពេលវេលាទាំងអស់។ ដោយឡែក អគារកងទ័ព ៤ខ្នង ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់នោះ ក៏បាន និងកំពុងជួសជុលឡើងវិញ ជិតរួចរាល់ហើយ៕ ដោយ៖ ឡុង សំបូរ








