អគ្គីភ័យលេបត្របាក់ផ្សារក្រមួនក្នុងខណ្ឌសែនសុខអស់ចំនួន៥តូបទាំងស្រុង
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងភូមិប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង២០៖៣៥ នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ។
ម្ចាស់ទីតាំងឈ្មោះ អុឹម សារឿន ភេទប្រុស អាយុ៥៦ ឆ្នាំ មានមុខរបរជាអ្នក លក់ដូរ ។
ចំពោះករណីអគ្គិភ័យនេះ បានបណ្តាលឲ្យឆេះខូចខាតតូបសង់ពីដែកដំបូលសង្គ័សីចំនួន០៥ តូបរួមមាន៖ តូបបិទតែមម៉ូតូទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន០១ តូប, ឆេះតូបកាត់ដេរសម្លៀកបំពាក់ទំហំ០៣ ម៉ែត្រ x ១១ម៉ែត្រ ចំនួន០១ តូប , ឆេះតូបលក់ចាប់ហួយទំហំ០៣ម៉ែត្រ x ១១ម៉ែត្រចំនួន ០១ តូប, ឆេះតូបលក់និងជួសជុលទូរស័ព្ទដៃទំហំ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន០១ តូប , ឆេះតូបលក់ចាប់ហួយនិងផ្លែឈើ ទំហំ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន០១ តូប ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន មានរថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ , រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ, និងរថយន្តរបស់ក្រុមហ៊ុនឯកជនផងដែរ ។ បន្ទាប់ពីមានកិច្ចអន្តរាគមន៍បាញ់ពន្លត់របស់សមត្ថកិច្ច អគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង ២១:៣៥ នាទីយប់ ថ្ងៃដដែល ខណៈមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕




