នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងអន្តរាគមន៍ខណ្ឌច្បារអំពៅ បានធ្វេីការបង្ក្រាបបទល្មើសគ្រឿងញៀន ០២ករណី ឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងចាប់យកគ្រឿងញៀនមួយចំនួន។
ករណីទី១៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរខុសច្បាប់នូវសារធាតុញៀន។ ដោយជនសង្ស័យឈ្មោះ ជិន ចាន់ធី ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១០កញ្ចប់ថង់តូច។
ករណីទី២៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម៉ោង១២និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយជនសង្ស័យឈ្មោះ រឿន រស្មី ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

