សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុន្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព» នៅល្ងាចនេះ

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ដែលបានប្រារព្ធឡើងនៅទឹកដីនៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងពិធីបុណ្យទន្លេនេះ មានការរៀបចំតាំងពិព័រណ៍ផលិតផលជាច្រើនរួមទាំងផលិតផលជាតិ និងអន្តរជាតិ សកម្មភាពកីឡា និងវប្បធម៌សិល្បៈ និងពិធីប្រគុំតន្រ្តីកម្សាន្តជាច្រើនទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍ តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

ជាមួយនេះ ឯកឧត្តម ថោង ខុន ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករចូលរួមលក់ដូរទំនិញ ចំណីអាហារ ផលិតផលសិប្បកម្មក្នុងខេត្តឱ្យបានច្រើន ហើយអាជ្ញាធរ ក៏បានរៀចំឱ្យមានសណ្ដាប់ធ្លាប់ល្អក្នុងការលក់ដូររបស់ពួកគាត់ផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដាក់ទិសដៅគ្រប់មុខព្រួញ ដែលត្រូវចូលរួមក្នុងពិធីបុណ្យទន្លេនេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ទេសចរណ៍នេះ ប្រព្រឹត្តទៅដោយរលូន ក្នុងនោះ ការងារត្រៀមព្រឹត្តិការណ៍កីឡា ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ ការពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំពិធីបុណ្យទន្លេ ឬពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែចង់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប៉ុណ្ណោះទេ តែក៏ចង់ឱ្យប្រជាពលរដ្ឋក្នុងខេត្តចូលរួមលក់ដូរផលិតផលរបស់ខ្លួនជាអាទិភាពផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បន្ថែមថា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេរលើកទី៦ នៅខេត្តបាត់ដំបង មានកីឡាជិះកង់កម្សាន្ត, រត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ, ប្រដាល់គុនខ្មែរ អន្តរជាតិ ខ្មែរ-ថៃ, បាល់ទាត់, បាល់ទះ, ទាញព្រ័ត្រ, ប៉េតង់ ឬប៊ូល, ចំបាប់បុរាណ និងប្រភេទកីឡាអុកចត្រង្គ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner