កីឡា ៦ប្រភេទ បានបញ្ហាញខ្លួនហើយក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ថ្ងៃទី២ ក្នុងពិធីបុណ្យទន្លេ កីឡាទាំង៦ប្រភេទ បានបង្ហាញខ្លួនហើយ ក្នុងចំណោម៩ប្រភេទកីឡា ដែលគណៈកម្មការជាតិអូឡាំពិកម្ពុជា សហការជាមួយរដ្ឋបាល រៀបចំដាក់អោយប្រកួតអបអរបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
កីឡាទាំង៦ប្រភេទ ដែលបានប្រកួត ថ្ងៃដំបូងមាន ជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់,បាល់ទាត់ បាល់ទះ វាយប៊ូល ប្រដាល់គុណខ្មែរ ព្រឹកថ្ងៃទីពីរ មានរត់កម្សាន្ត៥គីឡូម៉ែត្រ និងរត់៣គីឡូម៉ែត្រ ដែលសុទ្ធសឹងតែទទួលបានប្រជាប្រិយ៍ភាព ពីសំណាក់មហាជនដែលមកចូលរួមទស្សនា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ធ្វើឡើងក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃ១៥ ខែមិនា ២០២០ ។ ដោយពិធីបើកជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី១៤ ដែលត្រូវនឹងថ្ងៃទី២ ក្នុងពិធីបុណ្យទន្លេ ៕











