ប្រធានាធិបតីប្រេស៊ីល អះអាងតាមរយៈបណ្តាញសង្គមថា ខ្លួនមិនមានផ្ទុកវីរុស COVID-19 នោះទេ
អត្ថបទដោយ៖
Kien Sereyvuth
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ បានប្រកាសថា រូបលោកបានធ្វើតេស្តរកឃើញសញ្ញាអវិជ្ជមានចំពោះការឆ្លងមេរោគ COVID-19 ខណៈការប្រកាសនេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) តាមរយៈបណ្តាញសង្គម ។

លោក បូលសូណារ៉ូ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា លទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប្រេស៊ីល ដែលចេញមកនោះ គឺ អវិជ្ជមាននៃវីរុស COVID-19 ពោលគឺលោកមិនបានឆ្លងជំងឺនេះឡើយ ។

ការធ្វើតេស្តនេះដែរ បានកើតមានឡើងបន្ទាប់ពីមន្ត្រីលេខាផ្នែកទំនាក់ទំនងរបស់លោក គឺលោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន ដែលបានអមដំណើររូបលោកទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋផ្លូរីដា សហរដ្ឋអាម៉េរិក និង ទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ត្រូវបានគេធ្វើតេស្ដិ៍រកឃើញផ្ទុកមេរោគនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ៕


