រដ្ឋាភិបាលអេស្ប៉ាញសម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ ដោយសារការរាលដាលខ្លាំងនៃមេរោគ COVID-19
អេស្ប៉ាញ៖ សារព័ត៌មានរ៉យទ័របានចេញផ្សាយនៅថ្ងៃទី១៤ ខែមីនានេះថា រដ្ឋាភិបាលអេស៉្បាញបានសម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ ហើយថែមទាំងចេញបញ្ជាអោយបិទ ឬ ផ្អាកជាបណ្តោះអាសន្ន នូវបណ្តាហាងនានា ក្លឹបកំសាន្ត ភោជនីយដ្ឋាន និងរោងចក្រតម្លើងរថយន្ត ព្រមទាំងការដង្ហែក្បួននៃពិធីបុណ្យ Easter ដែលបានគ្រោងទុក ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគឆ្លង COVID-19 ។

ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ភេដ្រូ សាន់ឆេស ក៏បានព្រមានថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអាចនឹងសន្ទុះឡើងហួសពី១ម៉ឺននៅសប្តាហ៍ក្រោយ ។ ហើយជាវិធានការទប់ស្កាត់នោះ នាយករដ្ឋមន្រ្តីអេស៉្បាញរូបនេះ បានទទូចឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នកាន់ តែខ្លាំង និង ចូលរួមចំណែកទាំងអស់គ្នា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ ។

សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៤.៣៣៤ករណី ក្នុងនោះអ្នកជំងឺ១១២នាក់បានស្លាប់ ៕

