រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តអោយម្ចាស់កសិដ្ឋានពង្រីកផលិតកម្មជ្រូកសាច់ ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ដើម្បីឈានទៅកាត់បន្ថយការនាំចូល (មានវីដេអូ)

ខេត្តកំពង់ធំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្តខិតខំសហការជាមួយក្រុមហ៊ុនលើការងារចប្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល ។

លោក ខឹម សុវណ្ណារិទ្ធ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល មានទីតាំងនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បញ្ជាក់ថា ផលិតកម្មចិញ្ចឹមជ្រូកសាច់នេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៨ លើផ្ទៃដីចំនួន៤ហិកតា ដោយសហការជាមួយក្រុមហ៊ុនស៊ីភីកម្ពុជា ដែលជាអ្នកផ្តល់ពូជ ចំណី ថ្នាំ និងបច្ចេកទេស និងចុះកិច្ចសន្យាប្រមូលទិញជ្រូករស់វិញ ។ បច្ចុប្បន្នកសិដ្ឋានមានជ្រូកសាច់ចំនួន៣,៧៥០ក្បាល ចិញ្ចឹមក្នុងរោងចំនួន៥រោង (រោងអ៊ីវេប) ដោយរោងនីមួយៗចិញ្ចឹមជ្រូកសាច់បាន៧៥០ក្បាល ។

អនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាពដែលតម្រូវដោយក្រុមហ៊ុនសហការ ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ ដោយក្នុង១ឆ្នាំ កសិដ្ឋានចិញ្ចឹមបាន២វគ្គ ដល់អាយុត្រូវចាប់ក្នុង១ថ្ងៃលក់ជ្រូកចេញ៣០០ក្បាលរយ:១១ថ្ងៃជាប់គ្នា រហូតអស់សត្វពីរោង បន្ទាប់ធ្វើអនាម័យទ្រុង ទុកឲ្យរោងទំនេរមួយខែទើបដាក់កូនជ្រូកចូលចិញ្ចឹមវគ្គបន្ត ។ ភរិយាលោក ខឹម ណុល បានឲ្យដឹងថា រោងចិញ្ចឹមមួយក្នុងមួយវគ្គអាចទទួលបានប្រាក់ចំណូល១ម៉ឺនដុល្លារ (រួមទាំងថ្លៃពលកម្ម ទឹក និងភ្លើង) ហើយអ្វីដែលម្ចាស់កសិដ្ឋានរូបនេះស្នើសុំទៅរាជរដ្ឋាភិបាលឲ្យជួយតាមរយ:ឯកឧត្តមរដ្ឋមន្ត្រី គឺបញ្ចុះថ្លៃភ្លើង ។

បើតាមនាយកប្រតិបត្តិផលិតកម្មជ្រូកសាច់ប្រចាំខេត្តកំពង់ធំតំណាងអោយក្រុមហ៊ុនស៊ីភីកម្ពុជា នៅខេត្តកំពង់ធំមាន១៧កសិដ្ឋាន ស្មើនឹង៥៥រោងចិញ្ចឹម ដែលបានចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុន ហើយចំនួននេះនឹងមានការកើនឡើង ឆ្លើយតបតាមតម្រូវការជ្រូកសាច់ក្នុងស្រុក និងសក្តានុពលអំណោយផលរបស់ខេត្ត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner