អគ្គនាយកដ្ឋានកសិកម្ម ៖ កម្ពុជានាំចេញដំឡូងមីគិតជាប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានអោយដឹងថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន៦៦ម៉ឺន៣ពាន់៩២៩ហិកតា បរិមាណផលសរុបចំនួន១២លាន ៦៨ម៉ឺន៩៨៧តោននៅក្នុងឆ្នាំ២០២០ ។ ក្រៅពីការប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី និងចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួន១លាន២១ម៉ឺន១ពាន់៣៥៣,១២តោន កើនឡើងចំនួន២១,៥៨% ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២ម៉ឺន៩ពាន់៥០តោន វៀតណាមចំនួន៣៦ម៉ឺន២ពាន់៦៥១,៥៦តោន និងចិនចំនួន១ម៉ឺន៩ពាន់ ៦៥១,៥៦តោន ។ ដំឡូងមីស្រស់មានចំនួន៣៣ម៉ឺន៩ពាន់តោន ថយចុះចំនួន-៥,២០% ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន៦ម៉ឺនតោន និងវៀតណាមចំនួន២៧ម៉ឺន៩ពាន់តោន ។ ដោយឡែកម៉្សៅដំឡូងមីមានចំនួន១ម៉ឺន៣ពាន់៤៥៤,៦៤តោន កើនឡើងចំនួន៣០,៩៧% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន១ម៉ឺន២ពាន់៨៤១តោន អ៊ីតាលីចំនួន៣៣,៨៤តោន ហូឡង់ចំនួន១១៤តោន ថៃចំនួន២៩៥,៨០តោន និងសហរដ្ឋអាមេរិកចំនួន១៧០តោន ។

គួរកត់សម្គាល់ បច្ចុប្បន្នកម្ពុជាបានចាត់ទុកដំឡូងមី គឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក (ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ (ស្រស់ ចំណិតក្រៀម និងជាម្សៅ) ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner