ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុន បដិសេធមិនដំឡើងប្រាក់ខែគោល ដោយសារផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយមេរោគ COVID-19
ជប៉ុន៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកផងនោះ ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនបានរឹតបន្តឹងខ្សែក្រវាត់ប្រាក់ឈ្នួលប្រចាំឆ្នាំដែលមានឥទ្ធិពលជាមួយសហជីព នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ។

ក្រុមហ៊ុន Toyota Motor Corp បានលើកឡើងថា ខ្លួនបានយល់ព្រមផ្តល់ឲ្យកម្មករនូវការតម្លើងប្រាក់ខែជាមធ្យម ដែលទាបជាងការដំឡើងកាលពីឆ្នាំមុន ២០ភាគរយ ។ ជាមួយគ្នានេះ ប្រាក់ខែគោលនឹងមិនកើនឡើងជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំទេ ។ អ្នកផលិតដែកថែបធំៗបានធ្វើតាម ហើយមិនបានដំឡើងប្រាក់ខែគោល ដែលប្រការនេះបានគំរាមកំហែងដល់គោលដៅខ្ពស់របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងការបង្កើតវដ្តកំណើនទ្រទ្រង់ខ្លួនឯង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃគោលនយោបាយ Abenomics របស់លោក ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស ។

អភិបាលធនាគារជប៉ុន BOJ លោក Haruhiko Kuroda បាននិយាយថា លោកនឹងឃ្លាំមើលលទ្ធផលនៃកិច្ចចរចាប្រាក់ឈ្នួលសម្រាប់តម្រុយអំពីនិន្នាការអតិផរណា ចំពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាចពង្រីកសកម្មភាពរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ចដោយសារការរាលដាលនៃមេរោគ COVID-19 ៕



