រុស្ស៊ីគំរាមបាញ់កម្ទេចចោលរាល់នាវាចម្បាំង ដែលបានបំពានដែនទឹករបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ
រុស្ស៊ី៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា រុស្ស៊ីអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន ខណៈការព្រមាននេះ ធ្វើឡើងក្រោយឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលទីក្រុងមូស្គូអះអាងថា ជាដែនទឹករបស់ខ្លួន ។
ទន្ទឹមនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov)ក៏បានបញ្ជាក់ដែរថា ភាពមិនអាចរំលោភបាននៃព្រំដែនរុស្ស៊ី គឺជាការចាំបាច់ដាច់ខាត ហើយថា វានឹងត្រូវបានការពារគ្រប់មធ្យោបាយការទូត នយោបាយ និងយោធាប្រសិនបើចាំបាច់ ។ បើតាមកងកម្លាំងរុស្ស៊ី នាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបានបាញ់ព្រមាន ក្នុងគ្រាដែលយន្ដហោះចម្បាំងរបស់ខ្លួនមួយគ្រឿងទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុងសេវ៉ាស្តូផូល (Sevastopol) ។
ពាក់ព័ន្ធនឹងភាពតានតឹងខាងលើនេះដែរ ភាគីអង់គ្លេសបានបដិសេធ ដោយនិយាយថា នាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ដោយគូសបញ្ជាក់ថា នាវានោះកំពុងបើកនៅលើដែនទឹករបស់ប្រទេសអ៊ុយក្រែន ៕ ប្រភព៖ CNA


