ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៩នាក់ ជាសះស្បើយ ៦២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ នៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប៤០នាក់, ស្រុកសូទ្រនិគម២នាក់, ស្រុកជីក្រែងម្នាក់, ស្រុកស្វាយលើម្នាក់, និងពលករមកពីពីប្រទេសថៃចំនួន៥នាក់។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ថ្ងៃ២៤មិថុនាដែរ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦២នាក់ផងដែរ។ ជាមួយគ្នានោះ នៅថ្ងៃ២៤មិថុនាខេត្តសៀមរាប មានមនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។ សពមានឈ្មោះ ឌុច ណាវី ភេទស្រី អាយុ៧២ឆ្នាំ អាសយដ្ឋាននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គិតមកទល់នឹងថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧៥១នាក់ បានព្យាបាលជាសះស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner