ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផ្ញើសារអបអរកីឡាការិនី ស្រួង ភាវី ដែលទើបឈ្នះជើងឯកពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship
លិខិតរបស់ស្ថានទូតខ្មែរនៅប្រទេសកូរ៉េ បានចាត់ទុកជ័យជំនៈរបស់លោកស្រី ស្រួង ភាវី គឺជា សមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់ស្រី ដែលបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្តែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្រ្តីនៅក្នុងវិស័យកីឡា។
ស្ថានទូតបានបន្តថា ជោគជ័យគួរជាទីមោទនៈរបស់ លោកស្រី ក៏នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជានៅលើឆាកអន្ដរជាតិនាពេលខាងមុខផងដែរ។ កីឡាការិនីស្នូកឃ័រ របស់កម្ពុជា លោកស្រី ស្រួង ភាវី បានឈ្នះតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម) ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២០មិថុនាឆ្នាំ២០២១ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣សិតទលើនឹង១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតនោះ បានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។




