ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មន្ត្រីសកម្មនឹងការងារ បម្រើពលរដ្ឋបានល្អ នឹងត្រូវលើក ទឹកចិត្តដោយការផ្តល់នូវតួនាទី និងតំឡើងឋានន្តរសក្តិ
ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង បំពាក់ឋានន្តរសកិ្តជូនដល់មន្ត្រីនគរបាលខណ្ឌ៨១រូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មន្ត្រីសកម្មនឹងការងារ បម្រើប្រជាពលរដ្ឋបានល្អ នឹងត្រូវលើកទឹកចិត្តដោយការផ្តល់នូវតួនាទី និងតំឡើងឋានន្តរសក្តិ ចំណែក ឯមន្ត្រីអសកម្មបម្រើប្រជាពលរដ្ឋមិនបានល្អ អាចនឹងត្រូវបានដកតួនាទី ។

សូមបញ្ជាក់ថា លោក ម៉ៅ សឿត ត្រូវបានតែងតាំងជាអធិការថ្មី នៃអធិការនគរបាលខណ្ឌច្បារអំពៅ ជំនួសលោក អេម សារ៉ាវុធ ដែលត្រូវផ្លាស់ប្ដូរតួនាទី ទៅជាអនុប្រធាននាយកដ្ឋានកិច្ចប៉ុស្តិ៍ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ។ នាឱកាសនោះ លោក ម៉ៅ សឿត តំណាងឲ្យនាយនគរបាលជាតិ ដែលទើបផ្ទេរភារកិច្ចតែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសក្តិ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម ៖

១-គោរព និងអនុវត្តន៍ដោយ ស្មោះត្រង់រាល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
២-ខិចខំបំពេញភារកិច្ចតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការ រាជធានីភ្នំពេញ។
៣-ខិតខំរឹតចំណងសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ឋអោយបានល្អ ដើម្បីធានាការអនុវត្តភារកិច្ច ទទួលបានជោគជ័យ។
៤-ប្រកាន់ខ្ជាប់អាកប្បកិរិយា សីលធម៌រស់នៅ សុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ ក្នុងការងារ សម ស្របជាកងកម្លាំងនគរបាលជាតិ ។
៥-ពង្រីកសមត្ថភាពជំនាញ សមត្ថភាពផ្នែកច្បាប់ និងចំណេះដឹងភាសា ដើម្បីអនុវត្តភារកិ្ចធានាបាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងសង្គម ធ្វើអោយប្រជាពលរដ្ឋមានជំនឿ និងមានការគោរព ស្រលាញ់ចំពោះនគរបាលជាតិយើង ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់ការណែនាំដោយ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មិនត្រូវមើលបណ្តាំគ្នា អង្គុយចាំចាប់កំហុស ផ្ចាញ់ផ្ចាល គ្នា ដើម្បីដណ្តើមយកកន្លែងនេះកន្លែងនោះទេ ។ រឿងបន្តិចបន្តួច ត្រូវកោះហៅប្រជុំ និយាយគ្នា ហើយ បើដឹងថា ខ្លួនខុស ត្រូវចេះកែឡើងវិញ កុំទុកឲ្យមានបញ្ហាកើតឡើងជារឿងធំ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានធ្វើការផ្តល់ជាមតិណែនាំល្អៗជាច្រើនដល់មន្ត្រីទាំងអស់ ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិអោយមានអាកប្បកិរិយាល្អ និងសម្តីសមរម្យ ដើម្បីបម្រើ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អប្រសើរ ជាពិសេស ត្រូវធ្វើយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់ដើម។ ល។

បន្ថែមពីលើនេះ ឯកឧត្តម ស្នងការ បានធ្វើការសង្កត់ធ្ងន់ដល់គ្រប់អង្គភាពទាំងអស់ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវធ្វើជាគំរូល្អៗ ដើម្បីដឹកនាំអង្គភាពឲ្យមានការរីកចម្រើន និងដំណើរការ ឆ្ពោះទៅមុខដោយរលូន ក៏ដូចជាត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និង ត្រូវត្រៀមជាប្រចាំ ២៤ម៉ /២៤ម៉ ក្នុងការចេញជួយសង្គ្រោះប្រជាពលរដ្ឋពេលមានអគ្គិភ័យកើតឡើង និងត្រូវចុះផ្សព្វផ្សាយ បន្ថែមដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ កុំអោយមានអគ្គិភ័យកើតឡើង ៕ធ.ដ
ដោយ ប៊ុនធី
