លោក ចូ បៃដិន៖ កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកឈានដល់កិច្ចព្រមព្រៀងហើយ (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកបានឈានដល់កិច្ចព្រមព្រៀងហើយ រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មុននឹងការបោះឆ្នោតអនុម័តចូលមកដល់ ។
កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោក បៃដិន គឺមានទំហំទឹកប្រាក់៩៧៣ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ឬ១.២ទ្រីលានដុល្លារ សម្រាប់រយៈពេល៨ឆ្នាំ ហើយវាក៏មានបូកបញ្ចូលបន្ថែមជាមួយកញ្ចប់ថវិកាថ្មី ៥៧៩ពាន់លានដុល្លារផងដែរ ។ ការប្រកាសពីកិច្ចព្រមព្រៀងនេះ កើតមានឡើងកំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោក បៃដិន បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា១១រូប ដែលបានឯកភាពគ្នាលើផែនការកញ្ចប់ថវិកានេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោកនឹងមិនចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកា លើផែនការហេដ្ឋារចនាសម្ពន្ធ នេះទេ បើសិនជាសេចក្ដីព្រាងច្បាប់ស្ដីពីការស្រុះស្រួលគ្នា ឬ reconciliation bill មិនត្រូវបានអនុម័តដែរទេនោះ ៕ ប្រភព៖ CNA

