ការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា

របបខ្មែរក្រហម បានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវទម្លាក់ពីអំណាចនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជាប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ទារុណកម្ម ការសម្លាប់ និងការបង្ខំឱ្យធ្វើការហួសកម្លាំង ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ អស់រយៈពេលជាង៤០ឆ្នាំ ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរដែលរួចរស់ជីវិត បានរស់នៅជាមួយអតីតកាលដ៏ជូរចត់ដែលមិនអាចរលុបបាន។ បទពិសោធន៍ដ៏ជូរចត់នេះ បានបង្កឱ្យជនរងគ្រោះជាច្រើននាក់ មានជំងឺបាក់ស្បាត និងតានតឹងផ្លូវចិត្ត ហើយផលប៉ះពាល់ផ្លូវចិត្តនេះ នឹងអាចបន្តជះឥទ្ធិពលមកលើកូនចៅជំនាន់ក្រោយរបស់ជនរងគ្រោះទៀតផង។

ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាអ្នករួចរស់ជីវិតពីរបបយង់ឃ្នងមួយនេះ នៅឆ្នាំ២០០៦ តុលាការការពិសេសមួយ ត្រូវបានបង្កើតឡើង ហើយត្រូវបានហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ដែលជាតុលាការកូនកាត់ ដោយមានការចូលរួមពីអន្តរជាតិ។

មេដឹកនាំខ្មែរក្រហមមួយចំនួន ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសរួចរាល់ ដោយតុលាការកូនកាត់មួយនេះ។ ឥទ្ធិពលដែលតុលាការអាចមានមកលើជនរងគ្រោះ គឺថា ការកាត់ទោសរបស់តុលាការខ្មែរក្រហម (អ.វ.ត.ក) បង្ហាញថា ជនរងគ្រោះនៃរបបខ្មែរក្រហម ត្រូវបានទទួលស្គាល់ជាផ្លូវការថា ការឈឺចាប់ និងរងទុក្ខវេទនា ដែលពួកគាត់បានឆ្លងកាត់ ពិតជាបានកើតឡើងប្រាកដមែន ហើយជាពិសេស តុលាការ ក៏បានរកឃើញជនដែលទទួលខុសត្រូវលើភាពឈឺចាប់ទាំងនេះផងដែរ។ តុលាការនេះ បាននឹងកំពុងផ្តល់យុត្តិធម៌ជូនប្រជាជនកម្ពុជា ទាំងអ្នកដែលបាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិត ជាពិសេសចងក្រងសំណុំរឿងជាឯកសារប្រវត្តិសាស្រ្ត ជូនដល់មនុស្សជាតិ ដេីម្បីជាការចងចាំ ៕

#ក្អែកខ្មៅ#មេដឹកនាំខ្មែរក្រហម#យុត្ដិធម៌សម្រាប់ជនរងគ្រោះ#ប្រវត្ដិសាស្រ្ដកម្ពុជា
Facebook Page: Black-Crow Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner