ក្រុមតាលីបង់អំពាវនាវអោយសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពកាលពី០២ឆ្នាំមុន
បរទេស៖ សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់បានលើកឡើងថា ក្រុមខ្លួនបាននិងកំពុងជំរុញអោយសហរដ្ឋអាមេរិក គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានបង្កើតឡើងដោយភាគីទាំងពីរកាលពី០២ឆ្នាំមុន ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជប៉ុន NHK លោក Suhail Shaheen បាននិយាយថា ក្រុមតាលីបង់បាននិងកំពុងបន្តចរចាជាមួយមន្រ្តីអាមេរិក នៅពីក្រោយកិច្ចប្រជុំផ្លូវការ ។ លោក Shaheen បន្តថា កិច្ចព្រមព្រៀងសន្តិភាពបានអំពាវនាវអោយសហរដ្ឋអាមេរិក ធ្វើការឆ្ពោះទៅរកការដោះលែងអ្នកទោសតាលីបង់ដែលនៅសេសសល់ទាំងអស់ និងការដកទណ្ឌកម្មរបស់អង្គសហប្រជាជាតិទៅលើសមាជិកតាលីបង់ជាន់ខ្ពស់ ។ លោកបន្ថែមថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅរកគោលដៅក្នុងរយៈពេលបីខែ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចពិភាក្សាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។
គួរកត់សម្គាល់ កិច្ចចរចាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចាប់ផ្តើមឡើងកាលពីខែកញ្ញា ហើយបានកើតមានឡើងតែមួយរយៈប៉ុណ្ណោះ ។ ប៉ុន្តែពួកគេនៅតែស្ថិតក្នុងជម្លោះលើប្រព័ន្ធនយោបាយ និងលក្ខខណ្ឌឈប់បាញ់ ៕ ប្រភព៖ NHK


