គណៈកម្មាធិការជំនាញសិង្ហបុរីអះអាងថា អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ
សិង្ហបុរី៖ គណៈកម្មាធិការជំនាញរបស់សិង្ហបុរី ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា អត្ថប្រយោជន៍នៃការទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ ។
ការអះអាងបែបនេះរបស់គណៈកម្មាធិការជំនាញសិង្ហបុរី គឺជាការឆ្លើយតបទៅនឹងលិខិតបើកចំហរមួយ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលត្រូវបានសន្មត់ថា ជារបស់ក្រុមវេជ្ជបណ្ឌិត រួមទាំងអ្នកជំនាញផ្នែកបេះដូងម្នាក់ ដែលអំពាវនាវអោយបញ្ឈប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់យុវជនសង្ហិបុរី បន្ទាប់ពី របាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិកកំពុងស៊ើបអង្កេតទៅលើករណីស្លាប់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទីពីរ នៃវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។
គួរកត់សម្គាល់ និយតករឱសថនៅក្នុងប្រទេសជាច្រើនកំពុងស៊ើបអង្កេតលើករណីរលាកសាច់ដុំបេះដូង និង រលាកស្រោមបេះដូង ដែលត្រូវបានរកឃើញញឹកញាប់លើបុរស ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA នេះ ៕ ប្រភព៖ CNA


