វីរុសបម្លែងថ្មី Delta កំពុងក្លាយជាការព្រួយបារម្ភខ្លាំង ក្រោយសហភាពអឺរ៉ុបបន្ធូរបន្ថយវិធានការណ៍ពាក់ម៉ាស
បរទេស៖ ការព្រួយបារម្ភខ្លាំងបាននិងកំពុងបន្តកើនឡើងនៅក្នុងសហភាពអឺរ៉ុបថា ការសម្រេចចិត្តដោយរដ្ឋមួយចំនួន ដើម្បីបន្ធូរបន្ថយច្បាប់ពាក់ម៉ាសការពារនោះ នឹងនាំអោយមានករណីឆ្លងរីករាលដាលខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប (ECDC) បញ្ជាក់ថា វីរុសបម្លែងថ្មី Delta មានរហូតដល់៤០ ទៅ ៦០ភាគរយដែលអាចចម្លងបានច្រើនជាងវីរុសបម្លែងថ្មី Alpha ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា មជ្ឈមណ្ឌលនេះបានធ្វើការប៉ាន់ប្រមាណថា វីរុសបម្លែងថ្មី Delta នឹងរ៉ាប់រងរហូតដល់៩០ភាគរយឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុបនៅត្រឹមចុងខែសីហាខាងមុខនេះ ។
គួរកត់សម្គាល់ ការព្រួយបារម្ភខាងលើនេះបានកើតមានឡើងស្របពេលដែលប្រទេសបារាំង និងអេស្ប៉ាញបានដកវិធានការណ៍ពាក់ម៉ាសនៅពេលចេញទៅខាងក្រៅផ្ទះ ជាមួយនឹងលក្ខខណ្ឌជាក់លាក់ ។ ចំនែកឯនៅប្រទេសអ៊ីតាលីវិញ វិធានការណ៍ពាក់ម៉ាសក៏នឹងលែងក្លាយជាកាតព្វកិច្ច គិតចាប់ពីថ្ងៃចន្ទនេះតទៅផងដែរ ។ តួយ៉ាង នៅរដ្ឋធានីម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ មនុស្សមួយចំនួនត្រូវបានគេឃើញដើរចេញក្រៅកាលពីចុងសប្តាហ៍ដោយគ្មានរបាំងមុខ ប៉ុន្តែមនុស្សជាច្រើននៅតែពាក់ម៉ាស ដោយសារតែការព្រួយបារម្ភពីវីរុសបម្លែងថ្មី ៕ ប្រភព៖ NHK


