អាជ្ញាធរស្រុកបន្ទាយស្រីណែនាំពីវិធានការពារនៃជំងីផ្លូវដង្ហើមប្រភេទថ្មីករណីជំងឺ Covid 19 ជូនដល់មន្ត្រីក្រោមឪវាទ

អត្ថបទដោយ៖
Kien Sereyvuth

យល់ដឹងត្រូវ! ប្រុងប្រៀបត្រូវ! មិនប្រហែស! តែមិនស្លន់ស្លោរហួសហេតុ! នេះគឺជាអ្វីដែលរដ្ឋបាលស្រុកបន្ទាយស្រីកំពុងតែធ្វើ និងជំរុញផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ក្នុងផេកហ្វេសប៊ុករបស់ លោក ឃឹមហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្ហាញថា ចាប់ផ្តើមពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត រដ្ឋបាលស្រុកនឹងព្យាយាមបញ្ច្រៀបការយល់ដឹង និងពង្រាងវិធានការបឋម ដើម្បីចូលរួមបង្ការ និងត្រៀមខ្លួនទប់ទល់ ដោះស្រាយការរីករាលដាលនៃជំងឺនេះជាយថាហេតុណាមួយ។ យើងចាប់ផ្តើមពីមន្ត្រីទាំងអស់នៅក្នុងរដ្ឋបាលស្រុក មុននឹងបន្តផ្សព្វផ្សាយនិងប្រុងប្រៀបផែនការ តាមរយៈគណៈបញ្ជាការឯកភាពស្រុក គ្រូបង្រៀន សិស្សានុសិស្សនៅតាមសាលារៀន និងសាធារណជនទូទៅ។

បើទោះជាហានិភ័យនៃការរីករាលដាលស្ថិតនៅក្នុងកម្រិតទាបនៅឡើយ តែក្នុងនាមជាស្រុកដែលមានទេសចរណ៍ឆ្លងកាត់ និងមានភ្ញៀវមកទស្សនាច្រើន និងមានទីតាំងភូមិសាស្ត្រនៅកៀកនឹងទីរួមខេត្ត ការត្រៀមលក្ខណៈសម្បត្តិទៅតាមដំណាក់កាលនីមួយៗគឺជារឿងចាំបាច់ ដើម្បីបង្ការ បង្កើនទំនុកចិត្ត និងធានាឲ្យបាននូវការគ្រប់គ្រងស្ថានការណ៍ទៅតាមពេលវេលា និងកាលៈទេសៈ។

ដំណាក់កាលនេះគឺ ជាដំណាក់កាលដែលត្រូវអប់រំការយល់ដឹងឲ្យបានត្រឹមត្រូវ ផ្តោតទៅលើការស្វែងយល់ពីរបៀបឆ្លង និងវិធីបង្ការការពារខ្លួន ក៏ដូចជាការជជរុញអោយមានអនាម័យផ្ទាល់ខ្លួនរឹតតែខ្ពស់។ ម៉ាស់មុខនឹងមានផ្តល់ជូនចំពោះមន្ត្រីតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ តែយើងជំរុញឲ្យមានការលាងដៃជាប្រចាំនិងញឹកញាប់ជំនួសវិញ។ ការគ្រប់គ្រងកម្តៅជាប្រចាំ និងការអនុញ្ញាតអោយអ្នកមិនស្រួលខ្លួនអាចសម្រាកនៅផ្ទះក៏ជាវិធានការដែលយើងនឹងចាប់អនុវត្តន៍ពីពេលនេះផងដែរ។

ក្រៅពីនេះ យើងពុំគួរមានអ្វីដែលត្រូវបារម្ភរឺធ្វើលើសពីវិធានការខាងលើនេះនោះទេ។ បងប្អូនទាំងអស់នៅតែអាចបន្តជីវភាពជាធម្មតា ហើយភ្ញៀវទេសចរក៏នៅតែអាចបន្តមកលេងកំសាន្តដូចរាល់ដងដែរ។ ការភ័យខ្លាចហួសហេតុពេក រឺចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត នឹងផ្តល់ផលមិនល្អដល់សង្គមជាតិយើងទៅវិញទេ។

ការកើតមានករណីដំបូងនៃជំងឺ Covid 19 នៅក្នុងក្រុងសៀមរាបនេះ គឺជារឿងថ្មី តែការប្រតិកម្មទាន់ពេលវេលា ជាមួយនិងវិធានការម៉ត់ចត់ប្រកបដោយប្រសិទ្ធភាព ដែលនាំអោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បានរហូតមកដល់ពេលនេះ ក៏ជារឿងសំខាន់ដែលយើងត្រូវតែដឹងដែរ។ ជាការពិត ប្រសិនបើមានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំនៅក្នុងស្រុក ដែលអាចនាំទៅដល់ការហាមឃាត់មិនឲ្យមានការប្រមូលផ្តុំរឺបិទសាលារៀន នោះអាជ្ញាធរនឹងមានវិធានការបន្ថែមទៀត ហើយវាគឺជាអ្វីដែលយើងកំពុងត្រៀមខ្លួននិងរៀបចំផែនការទុកជាមុនទៅតាមសេណារីយ៉ូនីមួយៗ។

យើងគួរមានទំនុកចិត្តទៅលើការប្រុងប្រៀបខ្លួនរបស់រាជរដ្ឋាភិបាល និងយកពេលវេលានេះទៅលើកទឹកចិត្តគ្រូពេទ្យទាំងអស់ ដែលកំពុងតែជាប់ដៃនៅសមរភូមិមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះជំនួសយើង ជាជាងបង្កភាពអវិជ្ជមានដល់សន្តិសុខនិងសេដ្ឋកិច្ចជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner