ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រមានចាត់វិធានការចំពោះមន្រ្តី នគរបាលអសកម្មការងារមិនអនុវត្តន៍តាមបទបញ្ជាចូលរួមភារកិច្ចចុះត្រួតពិនិត្យរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រមានចាត់វិធានការទៅលើមន្រ្តីនគរបាលក្រោមឱវាទអសកម្មការងារ មិនគោរពអនុវត្តតាមបទបញ្ជាថ្នាក់លើប្រគល់ឱ្យ លើការងារបំពេញភារកិច្ចចុះត្រួតពិនិត្យអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងនៅយប់ដំបូងនៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី០៩ ខែមីនា គឺពិនិត្យឃើញមានមន្រ្តីខ្លះគ្មានមុខទៅចូលរួមបំពេញភារកិច្ចដែលជាកិច្ចការងាររាជរដ្ឋាភិបាលដាក់ទិសដៅក្នុងការអនុវត្តន៍ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេស។

ថ្លែងការប្រមានសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជនាញ និងមន្រ្តីនគរបាលអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងក្នុងកិច្ច ប្រជុំនោះថា ក្រោយពីមានការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ដំបូងគឺពិនិត្យឃើញថា កម្លាំងនគរបាលអនុវត្តច្បាប់បំពេញភារកិច្ចនៅខ្វះចន្លោះមួយចំនួនអនុវត្តន៍ការងារបច្ចេកទេសជំនាញមិនទាន់សមស្របនោះឡើយ។កិច្ចការងារនេះត្រូវកែប្រែសម្រួលឡើងវិញចាត់បែងចែកម្លាំងឱ្យមានការទទួលខុសត្រូវរាងៗខ្លួន អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងការគោរពច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏ជម្រុញឱ្យមានការអនុវត្តន៍ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរឹងបំផុត មិនត្រូវរាថនោះឡើយ។ ពោលត្រូវធ្វើសកម្មភាពឱ្យបានម៉តចត់ អនុវត្តន៍ស្មើភាពគ្នា គ្មានការអន្តរាគមន៍នោះឡើយ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ នៅយប់ថ្ងៃទី០២ ត្រូវធ្វើឱ្យបានល្អជាងមុនថែមទៀត។ គួរបញ្ជាក់ដែរថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញអនុវត្តន៍ទៅលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអ្នកបើកល្បឿនលឿននៅពេលយប់។អត្រាគ្រោះថ្នាក់ចរាណ៍នៅពេលយប់បានកើតឡើង គួរឱ្យព្រួយបារម្ភផ្តើមចេញពីអ្នកបើកបរស្រវឹងស្រា៕ ដោយ៖ សំ វិច្ឆិកា






