សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១០ ខែមីនាឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣ពាន់៤៥៨នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ក្នុងនោះរួមមាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី ២៣នាក់។

ការអប់រំ គឺជាវិស័យអាទិភាព និងចាំបាច់បំផុតសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដើម្បីជំរុញការអភិវឌ្ឍលើវិស័យអប់រំ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំនេះ។ វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សប្រកបដោយពុទ្ធិ និងបញ្ញាញាណសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានវ៉ាន់ដាមានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែង នៅរាជធានីភ្នំពេញ, ១កន្លែង នៅខេត្តសៀមរាប និង១កន្លែង ទៀត នៅខេត្តបាត់ដំបង។ ចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ដោយគិតទាំងនិស្សិត ជ័យលាភីនេះផង សរុបចំនួន ៣៥,០៧៦នាក់ នារី ២៨,៩៣០នាក់។ និស្សិតកំពុងសិក្សាមានចំនួន ៨,៩៦៥នាក់ នារី ៧,៩៥៣នាក់។

លោកបណ្ឌិត ហេង វ៉ាន់ដា ក៏បានឱ្យដឹងផងដែឬថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាឱកាសនេះ អ្នកមានការងារធ្វើចំនួន ៣ពាន់២៩៧នាក់ ស្មើនឹង ៩៥.៣៤%។ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និង ការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពខ្ពស់នោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្តន៍ និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោលបំណងអនុវត្តន៍ឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុប្បន្ន។

ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថាន ក៏បានរៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អ៊ីនធើណែត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឱ្យបានល្អ ជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ, គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អាជ្ញាធរសវនកម្មជាតិ, គណៈកម្មការមូលបត្រកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា, សមាគមគណនេយ្យករចក្រភពអង់គ្លេស, និង សាកលវិទ្យាល័យ មួយចំនួនក្នុងព្រះរាជាណាចក្រថៃ និងសាធារណៈរដ្ឋប្រជាមានិតចិនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងលអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីមានចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ ជាពិសេសនិស្សិតជាស្រ្តី ដែលទទួលបានការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដានេះយ៉ាងច្រើន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកម្ពស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះបានកើតមកលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។ ជាមួយគ្នានោះ សម្តេចតេជោបានប្រាប់ឲ្យក្រសួងសុខាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ពីស្ថានភាពជំងឺកូវីដ-១៩នេះ ត្រូវពង្រឹងសេវាសុខាភិបាលចំពោះប្រជាពលរដ្ឋអោយបានដិតដល់ ជាពិសេសរាល់ពេលដែលមានការទូរស័ព្ទទាក់ទងចូល ដើម្បីសួរនាំពីជម្ងឺកូវីដ១៩នេះ ត្រូវតែផ្តល់ព័ត៌មានអោយបានជាក់លាក់ជូនអ្នកជំងឺ ឲ្យទាន់ពេលវេលា មិនត្រូវរុញចុះ រុញឡើងនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំអោយប្រជាពលរដ្ឋមានការភ័យខ្លាចហួសហេតុពេកនោះទេពីជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯង ក្រុមគ្រួសារអោយបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខា
ភិបាល។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើសិនជាប្រជាពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរ ដូចខ្លាចជម្ងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដជាកម្ពុជាយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរបានច្រើនជាក់ជាមិនខាន។

សម្តេចតេជោបានមានប្រសាសន៍ថា នៅពេលដែលជំងឺកូវីដ-១៩នេះ បានឆ្លងមកដល់ពលរដ្ឋកម្ពុជាភ្លាមនៅឯខេត្តសៀមរាបនោះ សម្តេចតេជោបានដាក់ចេញនូវសេនាឌីយោទី២ភ្លាម គឺសម្តេចបានប្រកាសបិទសាលារៀនទាំងអស់នៅទីរួមខេត្តសៀមរាប(ក្រុងសៀមរាប)ដែលក្នុងនោះមានសាលារៀនប្រមាណ ១១០សាលារៀន ត្រូវបិទទ្វាជាបណ្តោះអាសន្ន និងការសម្រេចបិទព្រឹត្តិតិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២០ ផងដែរ។ ទន្ទឹមនឹងនោះ សម្តេចតេជោបញ្ជាក់ថា ការសម្រេចបិទសាលាបណ្តោះអាសន្ននេះ គឺយើងបានគិតគូរ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើសុខភាពកុមារ ដែលពួកគេអាចប្រឈមខ្ពស់ ពីព្រោះពួកគេមានការពិបាកក្នុងការការពារពីជំងឺនេះ។

ជាមួយគ្នានោះ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពបែបនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាំងអស់គ្នា យើងត្រូវប្រែក្លាយវិបត្តិនៃជំងឺនេះ ឲ្យទៅជាកាលានុវត្តភាព ដូចជាពីមិនសូវយកចិត្តទុកដាក់ពីបញ្ហាសុខភាព ប្រែមកជាការប្រកាន់ជាប់នូវអនាម័យជាប្រចាំដើម្បីសុខភាពកាន់តែល្អប្រសើរ។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលនេះ យើងមាននាវាចំនួន០៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជា ដើម្បីអោយបងប្អូនកម្មករកម្មការិនីបានបន្តការពារនៅក្នុងរោងចក្របន្តទៀត។ យើងត្រូវប្រែក្លាយការប្រឈមផ្នែកសេដ្ឋកិច្ច អោយទៅជាកាលានុវត្តភាព នៃសេដ្ឋកិច្ចរបស់ប្រទេសយើងឲ្យល្អប្រសើរជាពេលខាងមុខ។

ថ្លែងទាក់ទងនឹងការរៀបចំសង្គ្រោះសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការភ័យខ្លាចជំងឺកូវិត 19 រួមនិងបញ្ហាEBAផងដែរ សម្ដេចតេជោបានបញ្ជាក់ថារាជរដ្ឋាភិបាលបានត្រៀមរួចរាល់ហើយដើម្បីស្ដារសេដ្ឋកិច្ចសម្រាប់រយៈពេល 6 ខែនិងរយៈពេលវែងជាងនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ រួមទាំង ការសិក្សា និងការងារថ្មីៗជាច្រើនទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានៅក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner