រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ផ្ញើលិខិតជូនសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការពន្យាពេលកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមលិខិតដែលផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ និងបានចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ របស់សេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក សូមថ្លែងអំណរគុណចំពោះការទទួលយកការអញ្ជើញរបស់អាម៉េរិក ចូលរួមក្នុងកិច្ចប្រជុំពិសេសអាស៊ាន នៅ ឡាសវេហ្គាស់ (Las Vegas) នៃរដ្ឋនេវ៉ាដា សហរដ្ឋអាម៉េរិក ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហរដ្ឋអាមេរិក ព្រោះសហរដ្ឋអាម៉េរិកបានចាត់ទុកអាស៊ាន គឺជាស្នូលនៃទស្សនវិស័យចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងសេរី ហើយប្រជាជនអាស៊ាន និងសហរដ្ឋអាម៉េរិក ប្រមាណ ១ពាន់លាននាក់ ត្រូវបានផ្សារភ្ជាប់គ្នាដោយទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងមានតម្លៃរួម ។

ក្នុងលិខិតរបស់សេតវិមាន បានបញ្ជាក់ថា ប៉ុន្តែជាអកុសល យើងត្រូវពន្យារពេលកិច្ចប្រជុំកំពូលនេះ ដោយមើលឃើញពីហានិភ័យជាសកលដែលបង្កឡើងដោយការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ២០១៩ ហើយយើងទាំងអស់គ្នា បានឯកភាពដោយផ្ដោតការយកចិត្តទុកដាក់របស់យើងនៅពេលនេះ លើការសម្របសម្រួល ការឆ្លើយតបជាសកល ដែលការពារ និងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង ។

ក្នុងលិខិតរបស់សេតវិមានផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក៏បានបង្ហាញនូវមោទនភាពចំពោះភាពជាដៃគូរបស់ប្រជាជាតិយើង លើបញ្ហាជាច្រើន រួមទាំងបញ្ហាសុខភាពសាធារណៈ នៅពេលដែលយើងប្រឈមនឹងបញ្ហាថ្មីនេះ ។ ជាមួយនេះក្រសួងសុខាភិបាល និងសេវាកម្មបម្រើមនុស្សរបស់សហរដ្ឋអាម៉េរិក បានទាក់ទងជាមួយរដ្ឋាភិបាលផ្សេងទៀត ដើម្បីចាប់ផ្ដើមការសន្ទនាស្ដីពីយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណាមួយនេះ ។ អ្នកជំនាញការជាច្រើនរបស់សហរដ្ឋអាម៉េរិក បានត្រៀមជួយ និងបន្តផ្ដល់ជំនួយឧបត្ថម្ភ ហើយមជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យ និងការពារជំងឺរបស់សហរដ្ឋអាម៉េរិក ក៏មានវត្តមានយ៉ាងសំខាន់ និងមានប្រវត្តិជាច្រើនឆ្នាំ ក្នុងបណ្ដាប្រទេសអាស៊ាន ។ នៅខណៈពេលដែលយើងបន្តធ្វើការងារដោយមិនចេះនឿយហត់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណា កិច្ចសហប្រតិបត្តការរវាងប្រជាជាតិយើង នឹងបង្ហាញថែមទៀតនូវកម្លាំងនៃភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរបស់យើង ។

ក្នុងលិខិតរបស់សេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានបន្ដថា ទោះបីជាយើងត្រូវពន្យារពេលកិច្ចប្រជុំពិសេសនេះ ក៏ក្រុមការងាររបស់យើង បានរៀបចំគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីបង្ហាញនូវទំនាក់ទំនងរវាងប្រទេសរបស់យើង ហើយយើងនៅតែដាក់ឱ្យដំណើរការនូវកម្មវិធីជាច្រើននៃកម្មវិធីធំៗទាំងនេះ ហើយយើងនឹងស្វែងរកនូវកាលានុវត្តភាព ដើម្បីអនុវត្តន៍គម្រោងកម្មវិធីទាំងអស់នោះនៅក្នុងខែខាងមុខ។ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក៏បានបង្ហាញនូវជំនឿថា ថ្នាក់ដឹកនាំអាស៊ាន នឹងអាចកោះប្រជុំកិច្ចប្រជុំកំពូលពិសេសឡើងវិញ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner