សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់អំពីដំណើរការចាក់វ៉ាក់សាំងនៅតាមបណ្តារាជធានី-ខេត្ត
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួលការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា “ដំណើរការចាក់វ៉ាក់សាំងរបស់យើងទៅដោយរលូនមិនមានបញ្ហាអ្វីទេ ទោះជាកន្លែងខ្លះមានភ្លៀងតិចតួចបង្កការលំបាក និងខកខានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លះដែរ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយទៅដោយរលូនអត់មានបញ្ហាអ្វីទេ”។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែមិថុនា បានឲ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានចំនួនសរុប ៤.១០០.១០៤នាក់ ក្នុងនោះស្ត្រីមានចំនួន ២.០០០.២៥០នាក់។ ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារបញ្ហាសុខភាពមានចំនួន៥៨,២២៨នាក់ ក្នុងនោះស្ត្រីមានចំនួន ២៩,៤៩៣នាក់៕
ដោយ:ពលជ័យ



