ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ត្រូវបានក្រុមប្រឹក្សាអង្គទូតពិភពលោក ផ្ដល់ជូនជាសមាជិកភាពមួយជីវិត

អត្ថបទដោយ៖
ធី ដា

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ ត្រូវបានក្រុមប្រឹក្សាអង្គទូតសាកល (DC) ដែលប្រមូលផ្តុំដោយឥស្សរជនឆ្នើម និងធុរជនល្បីៗលើពិភពលោក បានផ្ដល់ជូននសមាជិកភាពពេញមួយជីវិត សម្រាប់បេសកកម្មដ៏ពិសិដ្ឋ ក្នុងបុព្វហេតុពង្រឹងទំនាក់ទំនងអន្តរជាតិ ជាពិសេសការទូតសេដ្ឋកិច្ច។

ពិធីប្រគល់ និងទទួលប័ណ្ណសមាជិកភាព បានធ្វើឡើងនៅរសៀលថ្ងៃទី២៩មិថុនាឆ្នាំ២០២១ ដោយលោកបណ្ឌិត Dato’ Steve Cheah ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន Berli Jucker PCL ដែលប្រតិបត្តិករផ្សារទំនើប Big C និងជាប្រមុខបេសកកម្ម DC ប្រចាំប្រទេស CLMTV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃឡង់ដ៏-វៀតណាម)។ នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានថ្លែងអំណរគុណដល់លោកបណ្ឌិត Dato’ Steve Cheah និងបានចាត់ទុកសមាជិកភាព DC គឺជាមោទកភាពរួមរបស់មន្ត្រីការទូតកម្ពុជា ដែលកំពុងបំពេញភារកិច្ចជូនប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទាក់ទងនឹងការជំរុញសេដ្ឋកិច្ចការទូត លោកឯកអគ្គរាជទូតកម្ពុជា និងលោកបណ្ឌិត Dato’ Steve Cheah បានឯកភាពគ្នាថា នឹងរៀបចំជំនួបធុរកិច្ច និងទស្សនកិច្ចសិក្សាសម្រាប់អង្គទូត និងធុរជននៅថៃ ទៅកាន់ខេត្តតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅក្នុងប្រទេសថៃ (CBC)។ សូមជម្រាបថា ក្រុមប្រឹក្សាអង្គទូត (DC) គឺជាក្រុមឥស្សរជនឆ្នើម ដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិ (UN) ក្នុងឋានៈជាក្រុមពិគ្រោះយោបល់ពិសេស លើវិស័យការទូត និងធុរកិច្ច។ ក្រុមប្រឹក្សានេះ បង្កើតឡើងដំបូងនៅទីក្រុង Hague នៃប្រទេសហូឡង់ ហើយបច្ចុប្បន្នមានទីស្នាក់ការកណ្តាលនៅទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner