តើសិទ្ធិអនុគ្រោះ ដែលអត្តពលិកហែលទឹកកម្ពុជា ត្រៀមចូលរួមប្រកួតអូឡាំពិកហ្គេម នៅជប៉ុន មានផលចំណេញអ្វីខ្លះ ?

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានពន្យល់ ពីសិទ្ធិអនុគ្រោះ ឬការអញ្ជើញ (Universal) ដែលអត្តពលិកហែលទឹកកម្ពុជា ត្រៀមចូលរួមប្រកួតអូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ (ពន្យារពេល)។

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា តាមពិតថ្វីដ្បិតតែកីឡាហែលទឹកកម្ពុជា ទទួលបានសិទ្ធិអនុគ្រោះ ឬការចូលរួមប្រកួតតាមការអញ្ជើញ (Universal) ក៏ដោយ ប៉ុន្តែសិទ្ធិនេះក៏អាចឈានដល់កម្រិតមេដាយបានដូចគ្នាដែរ ប្រសិនបើពួកគាត់អាចឈ្នះនៅវគ្គជម្រុះនោះ ។

ដូចជាកីឡាករ ហែម ប៉ុច ធ្លាប់បានចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកហែលទឹកពិភពលោក នៅប្រទេសកូរ៉េ កាលពីឆ្នាំ២០១៨ គាត់ត្រូវបានកំណត់នូវថិរវេលា (Universal Time) ដែលទទួលស្គាល់ពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។ ចំណែកឯកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ម៉ីលី តានមីននិក មិនទាន់ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្រិតអន្តរជាតិ ដែលរៀបចំឡើងដោយ FINA នៅឡើយទេ ប៉ុន្តែសហព័ន្ធខ្មែរកីឡាហែលទឹក បានយកសមិទ្ធផល (Perferment) ប្រកួតផ្លូវការនៅសហរដ្ឋអាមេរិកផ្ញើជូនទៅ FINA ដើម្បីឲ្យសហព័ន្ធហែលទឹកអន្តរជាតិមួយនេះ កំណត់ថ្លឹងថ្លែងពិតប្រាកដ មិនមែនគ្រាន់តែអះអាងដោយសាម៉ីសហព័ន្ធ ឬសាម៉ីខ្លួននោះឡើយ ។ លោកអគ្គលេខាធិការរូបនេះ លើកឡើងទៀតថា សម្រាប់កីឡាករ កីឡាការិនីរបស់កម្ពុជា ដែលចូលរួមក្នុងសិទ្ធិអនុគ្រោះនេះ ប្រសិនបើពួកគាត់អាចបំបែកថេរវេលា នៃការប្រកួតបាន ហើយអាចឡើងទៅដល់ការប្រជែងមេដាយបានដូចគ្នា ។

«អ្វីដែលសំខាន់ គឺយើងផ្ញើសិទ្ធផលជូនសហព័ន្ធអន្តរជាតិ គឺពេលវេលានោះមិនទាន់ដល់កម្រិតប្រកួតជម្រុះនៅឡើយទេ ប៉ុន្តែប្រសិនបើក្នុងការប្រកួតអូឡាំពិកហ្គេមនេះ យើងអាចបំបែកសិទ្ធផលចាស់បានរហូតដល់៦ ទៅ៧វិនាទី ដែលអាចឈានដល់មេដាយសំរឹទ្ធ ឬមេដាយមាស នោះគេផ្តល់មេដាយនោះជូនយើងដូចគ្នាដែរ ហើយយ៉ាងច្រើនគេអាចធ្វើតេស្តលើអត្តពលិកនោះថា មានប្រើប្រាស់ថ្នាំប៉ូវកម្លាំង (Doping) ឬអត់ ។ ចំពោះវិញ្ញាសាវិញ កឺមានសិទ្ធិចូលរួមតែ១វិញ្ញាសា ដែលគេកំណត់ឲ្យ ។

សម្រាប់វិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រសេរី គឺការកំណត់របស់ FINA ដែលអាចជាប់ជម្រុះបាន ហើយចូលប្រកួតអូឡាំពិកហ្គេម គឺកីឡាការិនីត្រូវមានថេរវេលា ២៥វិនាទី ខណៈកីឡាការិនីកម្ពុជា ម៉ីលី តានមីននិក មានថេរវេលា ២៩ទៅ៣០វិនាទី ដូច្នេះ កម្ពុជាយើងមិនជាប់នៅក្នុងកម្រិតជម្រុះជាប់នោះទេ ដោយយើងទៅចូលរួមប្រកួត ក្នុងសិទ្ធិអនុគ្រោះ Universal ។ ប្រសិនបើកីឡាការិនីកម្ពុជាយើង អាចបំបែកកំណត់ត្រាចាស់ ធ្វើសម្រេចក្នុងថេរវេលាត្រឹមតែ២៥វិនាទីដូចគេ នោះយើងនឹងក្លាយជាអ្នកជាប់ពេញសិទ្ធិ ហើយប្រសិនបើអាចបំបែកត្រឹម២៤វិនាទីនោះ ក៏នឹងអាចឈានដល់មេដាយដែរ ដែលនេះគឺជាការកំណត់របស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិតែម្តង ។

សហព័ន្ធខ្មែរកីឡាហែលទឹក បានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិ២នាក់ គឺកីឡាករ ហែម ប៉ុច ហ្វឹកហាត់ក្នុងស្រុក និងកីឡាការិនីខ្មែរ-អាមេរិក ម៉ីលី តានមីននិក កំពុងបន្តការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ត្រូវប្រកួតលើវិញ្ញាសា ហែល ៥០ម៉ែត្រសេរីដូចគ្នា ក្រោមការដឹកនាំរបស់លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹកនឹងត្រូវចូលរួមអូឡាំពិកហ្គេម នាពេលខាងមុខឆាប់ៗនេះ ។

សូមបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រៀងរាល់៤ឆ្នាំម្តង ដែលជាការប្រកួតកម្រិតខ្ពស់ជាងគេបំផុតក្នុងពិភពលោកនេះ គឺកម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួន២ប្រភេទកីឡា គឺហែលទឹក២នាក់ និងអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុខគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ។ ចំពោះ២ប្រភេទកីឡាផ្សេងទៀត គឺកីឡាគុនដាវ និងកីឡាតេក្វាន់ដូ WT បានធ្លាក់ចេញត្រឹមវគ្គជម្រុះកន្លងទៅ ដោយពុំទទួលបានកៅអី ឬសិទ្ធិចូលរួមការប្រកួតនេះឡើយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner