បន្ទប់ទឹកសាធារណៈ ជាតម្រូវការចាំបាច់សម្រាប់ខេត្តគោលដៅទេសចរណ៍

អត្ថបទដោយ៖
ធី ដា

អភិបាលខេត្តកំពតបានលើកឡើងថា បន្ទប់ទឹក និងបង្គន់អនាម័យសាធារណៈគឺជាតម្រូវការចាំបាច់ សម្រាប់បម្រើសាធារណជន ហើយសម្រាប់ខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ កំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងផងនោះ គឺកាន់តែទាមទាឲ្យមានបន្ទប់ទឹក និងបង្គន់អនាម័យស្តង់ដា ដើម្បីបំពេញតាមលក្ខខណ្ឌទីក្រុងស្អាតអាស៊ាន។

នៅក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំសាងសង់បន្ទប់ទឹកនិងបង្គន់អនាម័យទីសាធារណៈក្នុងក្រុងកំពត កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាកង្វះខាត់បន្ទប់ទឹក និងបង្គន់អនាម័យស្អាតតាមទីសាធារណៈ ជាបញ្ហាដែលរដ្ឋបាលខេត្តកំពត តែងតែយកចិត្តទុកដាក់ និងបានជំរុញដល់ការសាងសង់បន្ថែមជាបន្តបន្ទាប់ ព្រោះបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ ជាតម្រូវការមិនអាចខ្វះបាន សម្រាប់បម្រើដល់សាធារណជន និងវិស័យទេសចរណ៍ ទាំងនៅតាមតំបន់រមណីយដ្ឋាន ក្នុងក្រុងឬទីប្រជុំជននានាក្នុងខេត្ត។ បើមិនដូច្នោះទេ មតិរិះគន់នឹងកើតមានមិនខាន។ ពិសេសទៀតនោះខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ បើមានបន្ទប់ទឹក បង្គន់អនាម័យល្អ ស្តង់ដា គឺកាន់តែទាក់ទាញភ្ញៀវឲ្យមកលេងកម្សាន្តកាន់តែច្រើន។

ឯកឧត្តម បានណែនាំឲ្យ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ផ្ដោតលើបច្ចេកទេសការសាងសង់ ទីតាំង សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ដើម្បី ជៀសវាងមតិរិះគន់ក្រោយពេលសាងសង់រួចរាល់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា រដ្ឋបាលខេត្តមិនអាចផ្ដេកផ្ដួលតាមបញ្ហាកូវីដ១៩ទេ ក្នុងនាម អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវតែខិតខំពុះពារឧបសគ្គទាំងអស់នេះ ដើម្បីអភិវឌ្ឍន៍នូវអ្វី ដែលជាតម្រូវការចាំបាច់បម្រើឱ្យប្រយោជន៍សាធារណៈ និងសង្គមជាតិ។

បច្ចុប្បន្ននៅទីសាធារណៈក្នុងក្រុងកំពត បន្ទប់ទឹកនិងបង្គន់អនាម័យមានចំនួន ៤កន្លែងប៉ុណ្ណោះ សម្រាប់បម្រើសាធារណជន ហើយប្រសិនបើកូវីដ១៩ស្ងប់បន្តិច ភ្ញៀវទេសចរនឹងបន្តមកច្រើន បន្ទប់ទឹកទាំងនោះមិនអាចបំពេញត្រូវការប្រើប្រាស់របស់ទេសចរបានឡើយ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner