លោក ចូ បៃដិន និងលោកជំទាវទី១ គ្រោងទៅបំពេញទស្សនកិច្ចទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់នៅរដ្ឋផ្ល័ររីដា ដោយផ្ទាល់ (មានវីដេអូ)
អាមេរិក៖ សេតវិមាននៅថ្ងៃអង្គារនេះប្រកាសថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់នៅតំបន់ មៃអាមី-ដេដ រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់១២នាក់ និង១៤៩នាក់ទៀតបន្តបាត់ខ្លួននៅឡើយ ។
បើតាមសេតវិមាន លោកប្រធានាធិបតីគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់ នៅតំបន់មៃអាមី-ដេដ រដ្ឋផ្ល័ររីដា ជាមួយនឹងលោកជំទាវទី១ Jill Biden នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធានាថា មន្រ្តីរដ្ឋ និងមូលដ្ឋានមានអ្វីៗទាំងអស់ដែលពួកគេត្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង និងមានការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ គ្មាននរណាម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំផ្នែកនៃអគារកម្ពស់១២ជាន់នោះមក ។
អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់១៣៦បន្ទប់ ហើយប្រមាណ៥៥បន្ទប់បានបាក់រលំចុះមក ។ មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្មរលំអគារខាងលើនេះទេ ខណៈការប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ៕ ប្រភព៖ CNA


