អបអរសាទរ! ទីបំផុតចិនទទួលបានវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពី WHO បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧០ឆ្នាំ (មានវីដេអូ)
Video: https://fb.watch/6rUKLnGOLe/
ចិន៖ ទីបំផុតប្រទេសចិនបានទទួលវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧០ឆ្នាំ ហើយវាជាការកត់សម្គាល់សម្រាប់ប្រទេសមួយដែលបានរាយការណ៍ថា មានជំងឺនេះចំនួន៣០លានករណីជារៀងរាល់ឆ្នាំក្នុងទសវត្សឆ្នាំ ១៩៤០ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ថ្ងៃនេះយើងសូមអបអរសាទរប្រជាជនចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានក្នុងប្រទេស… ជោគជ័យរបស់ពួកគេគឺពិបាករកបាន ហើយបានកើតឡើង បន្ទាប់ពីសកម្មភាពគោលដៅ និងនិរន្តរភាពរាប់ទសវត្ស ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ជាមួយនឹងសេចក្តីប្រកាសនេះ ចិនចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត ដែលបង្ហាញពិភពលោកថា អនាគតគ្មានជំងឺគ្រុនចាញ់ គឺជាគោលដៅដែលអាចសម្រេចបាន ។
គួរកត់សម្គាល់ ចិនគឺជាប្រទេសទីមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំងឺគ្រុនចាញ់ក្នុងរយៈពេលជាង០៣ទសវត្សរ៍ ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលទទួលបានឋានៈនេះដែរ ក្នុងនោះរួមមាន អូស្រ្តាលី សិង្ហបុរី និងព្រុយណេ ៕ ប្រភព៖ WHO



