វៀតណាមមានអ្នកឆ្លងកូវិត១៩ កើនដល់២៩នាក់ហើយ
អត្ថបទដោយ៖
Kien Sereyvuth
ចំនួនមនុស្សឆ្លងជំងឺកូវិត១៩នៅប្រទេសវៀតណាមបានកើនដល់២៩នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី៨ មីនា ម្សិលមិញ ខណៈដែលកាលពីថ្ងៃសៅរ៍ មានត្រឹម២០នាក់ នេះបើតាមក្រសួងសុខាភិបាលប្រទេសវៀតណាម។
ករណីឆ្លងថ្មីៗទាំងនោះរួមមានទាំងទេសចរបរទេស៨នាក់ទៀតដែលបានមកដល់ទីក្រុងហាណូយ តាមជើងហោះហើរ Vietnam Airlines មួយពីក្រុងឡុង ប្រទេសអង់គ្លេស។

យ៉ាងណាក៏ដោយ វៀតណាមបានព្យាបាលមនុស្ស១៦នាក់ជាពីជំងឺកូវិត១៩នេះ ហើយបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយមកទល់ពេលនេះ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះទេ។ ជាមួយគ្នានេះដែរ ក្រសួងថា អ្នកសង្ស័យ១០១នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ខណៈដែលមនុស្ស២៣២២៨នាក់ទៀត ស្ថិតក្រោមការឃ្លាំមើល៕ធ.ដ

