កម្លាំងនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងសរុបចេញប្រតិបត្តិការពង្រឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ចាប់ផ្តើមនៅយប់ថ្ងៃនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យាបាយសរុប ដើម្បីចេញប្រតិបត្តិការពង្រឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីយប់អធ្រាត្រថ្ងៃចន្ទទី០៩ ខែមីនា ឆ្នាំ២០២០នេះទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។ គ្រាដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩កន្លងទៅនេះបណ្តាលឱ្យមនុស្សស្លាប់និងរងរបួស២០៧០នាក់ កើនឡើងជាងឆ្នាំ២០១៨ចំនួន៩៣៩នាក់។

ថ្លែងក្នុងពិធីគោរទង់ជាតិដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមជាង៦០០នាក់នៅព្រឹកថ្ងៃចន្ទទី០៩ ខែមីនា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងអនុវត្តតាមផែនការ និងទិសដៅការងាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិសបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្លាំងនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកសាកល្បងចំនួនមួយសប្តាហ៍នៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីដកស្រង់ពិសោធន៍ចង់ដឹងថាតើការចុះអនុវត្តច្បាប់ចរាចរណ៍ក្នុងអំឡុងពេលនេះបទល្មើសចរាចរណ៍កើនឡើងរឺក៏ថយចុះ។ ដើម្បីយកមកពិនិត្យវាយតម្លៃសភាពការណ៍និងកំណត់ទិសដៅអនុវត្តបន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដោយមិនយោគយល់នោះឡើយគឺអនុវត្តស្មើភាពគ្នាសំដៅកាត់បន្ថយបទល្មើសចរាចរណ៍ បន្ថយអ្នកស្លាប់ និងរងរបួសឱ្យមានការថយចុះ។ អ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍និងផាកពិន័យធ្ងន់ធ្ងរជាងមុន ដើម្បីឱ្យមានការរៀងចាលនិងជាការពង្រឹងស្មារតីភ្ញាក់រលឹកឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការការពារសុវត្ថិភាពអាយុជីវិតអ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅ។វិធានការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំឡុងពេលនេះពង្រឹងទៅលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងបើកបរល្បឿនលឿន។អត្រាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញប្រឈមកើតឡើងញឹកញាប់នៅពេលយប់បង្កដោយអ្នកបើកបរស្រវឹងស្រា និងប្រើប្រាស់ល្បឿនលឿនហួសកំណត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារ អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះផងដែរ ក៏ដើម្បីចូលរួមបង្ការទប់ស្កាត់និងកាត់សន្ថយបទល្មើសផ្សេងទៀត។

សូមរំលឹកថាទន្ទឹមដែលនគរបាលរាជធានីភ្នំពេញ និងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានដាក់ចេញនូវវិធានការរៀបចំកម្លាំង នគរបាលចរាចរអន្តរាគមន៍០១ក្រុម៥០នាក់ដើម្បីចេញប្រតិបត្តិការបង្រ្កាបនិងចាប់ខ្លួនយកមកអនុវត្តន៍ច្បាប់ ចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់រឺរងរបួសដែលរត់គេចខ្លួនចេញកន្លែងកើតហេតុ ក្នុងគោលបំណងមិនទទួលខុសត្រូវចំពោះមុខច្បាប់។

នគរបាលចរាចអន្តរាគមន៍នោះផងដែរក៏ចេញប្រតិបត្តិការធានាការពារសុវត្ថិភាព និងបង្ការទប់ស្កាត់ពីការប្រើអំពើហិង្សាពីប្រជាពលរដ្ឋមកលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលកន្លងមកធ្លាប់កើតមានករណីប្រជាពលរដ្ឋបានប្រើអំពើហិង្សាទៅលើអ្នកបើកបរបង្កបណ្តាលឱ្យរងរបួសផងដែរ៕ធ.ដ

ដោយ៖ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner