អតីតអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូងឈរឈ្មោះប្រកួតនឹង គណបក្ស លោកMoon ក្នុងការបោះឆ្នោតប្រធានាធិបតី
ដោយ៖ សុខ វេងឈាង
កាលពីថ្ងៃអង្គារទី២៩ មិថុនានេះអតីតអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូងមួយរូបលោក YoonSuk-youl បានប្រកាសបេក្ខភាពរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងទៅកាន់រដ្ឋបាល ប្រធានាធិបតីបច្ចុប្បន្ន លោក MoonJae-In ថាជារដ្ឋបាល«ពុករលួយ និងអសមត្ថភាព»។
ផ្អែកតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង លោកMoon ត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែមួយអាណត្តិ ប៉ុណ្ណោះហើយគណបក្សប្រជាធិបតេយ្យរបស់លោកមិនទាន់បានប្រកាសបេក្ខជនប្រធានាធិបតីថ្មីនៅឡើយ។
«របបនេះបានបំផ្លាញមូលដ្ឋានគ្រឹះនៃប្រទេស ដោយបោះបង់ចោលនូវញ្ញាណសាមញ្ញយុត្តិធម៌និងនីតិរដ្ឋ»លោកYoonបាននិយាយបែបនេះហើយបន្តទៀតថា៖«យើងត្រូវតែបញ្ឈប់ការប៉ុនប៉ងរបស់កម្លាំងកាន់អំណាចដែលពុករលួយនិងអសមត្ថភាពក្នុងការបន្តអាណត្តិរបស់ពួកគេហើយបន្តការប្លន់ពីប្រជាជន»។
រឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងជំនួយការរបស់លោកMoon និងអ្នកនយោបាយបក្សកាន់អំណាចដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភអំណាចដើម្បីប្រមូលទ្រព្យសម្បត្តិបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរីស្ថិតក្នុងភាពច្របូកច្របល់។
បន្ទាប់ពីត្រូវបានតែងតាំងដោយលោកMoonជាអគ្គរដ្ឋអាជ្ញាក្នុងឆ្នាំ២០១៩ លោក Yoon បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់លោកប្រធានាធិបតីបន្ទាប់ពីលោក បានធ្វើការចោទប្រកាន់លោកលោកChoKukដែលជាជំនួយការប្រធានាធិបតីដ៏សំខាន់មួយរូបនិងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចំពោះបទឧក្រិដ្ឋជាច្រើនរួមមានសំណូកសូកប៉ាន់និងការក្លែងឯកសារជាដើម។ ប៉ុន្តែការសកម្មភាពនេះបានធ្វើឱ្យលោកYoon មានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់សាធារណជននិងគណបក្សប្រឆាំង។
លោក Yoon បាននិយាយកាលពីថ្ងៃអង្គារថាលោក បានចែករំលែកទស្សនវិជ្ជាជាមួយគណបក្សអភិរក្សនិយមប៉ុន្តែបានបដិសេធមិននិយាយថាតើលោកនឹងចូលរួមជាមួយគណបក្សណាទេ៕
