ការប្រមូលសំរាមក្នុងរាជធានី លែងមានភាពផ្តាច់មុខ របស់ក្រុមហ៊ុនស៊ិនទ្រីទៀតហើយ (Video Inside)
ការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ នឹងលែងមានភាពផ្តាច់មុខរបស់ក្រុមហ៊ុនស៊ិនទ្រីតែមួយទៀតនោះហើយ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី៣០ ខែមិថុនានេះ ការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ ដែលមានក្នុងមួយថ្ងៃប្រមាណ៣ពាន់តោន នឹងត្រូវមានក្រុមហ៊ុនចំនួន៣ធ្វើការប្រមូលតាមខណ្ឌផ្សេងៗខុសគ្នា។
ក្រុមហ៊ុនទាំង៣ដែលប្រមូលសម្រាមរួមមានក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited ដែលនឹងត្រូវប្រមូលក្នុងខណ្ឌចំនួន៥ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន Mizuda Group Co., Ltd ដែលនឹងបំរើសេវា ក្នុងខណ្ឌចំនួន៥ផងដែរ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោរ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ចំណែកក្រុមហ៊ុនស៊ិនទ្រី ដែលតែងមានការរិះគន់ពីប្រជាពលរដ្ឋ នឹងត្រូវផ្តល់សេវាក្នុងខណ្ឌចំនួន៤ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ យោងតាមរដ្ឋបាលរាជធានី, ប្រតិបត្តិការរបស់ក្រុម ហ៊ុនទាំង៣ នឹងត្រូវចាប់ធ្វើពីថ្ងៃទី១កក្កដាឆ្នាំ២០២១។