ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តមឈួរ ចន្ទ័ឌឿន ដែលត្រូវបានឡើងតំណែងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី1 ខែកក្កដាឆ្នាំ 2021នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន គឺយើងត្រូវសហការគ្នាបង្ក្រាបដោយមិនបន្ធូរដៃឡើយ បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកានមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងផងដែរ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ៖ ចាប់តាំងពីកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមកដល់ថ្ងៃនេះយើងចាប់បានគ្រឿងញៀនច្រើនណាស់ ។ ដោយហេតុនេះហើយយើងត្រូវរួមសហការគ្នាប្រយុទ្ធប្រឆាំងការជួញដូរ ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនដោយខុសច្បាប់ ត្រូវពុះពារខិតខំ ជម្នះគ្រប់ឧបសគ្គ ដោយចាត់ទុកយុទ្ធនាការបង្ក្រាបគ្រឿងញៀន គឺជាផ្នែកមួយនៃការលើកកម្ពស់ យុត្តិធម៌សង្គម ព្រោះថា តែកាលណាមានការប្រើប្រាស់គ្រឿងញៀន គឺមានការកើតឡើងនូវអំពើហឹង្សា អំពើរចោរកម្ម លួច ប្លន់ ជាដើម នោះហើយជាអយុត្តិធម៌សង្គម ,ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើភារវកម្ម និងឧក្រិដ្ឋកម្មគ្រប់ប្រភេទផងដែរ ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញអោយមានការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានកែប្រែថ្មីទាំង៧ចំណុច មាន ១-ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព និងទទួលបានការជឿទុកចិត្ត, ២- គ្មានបទល្មើសចោរលួច ចោរឆក់ប្លន់ បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនិងការជួញដូរ គ្រឿងញៀន, ៣- មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤ -គ្មានអំពើអាណាចារ្យ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥- ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព, ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ, និង ៧- ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព ។
សម្ដេចក្រឡា ហោម ស ខេង ក៏បានលើកសរសើរដល់ស្នាដៃអភិវឌ្ឍន៍របស់អភិបាលខេត្តកំពង់ឆ្នាំងចាស់ ដែលបានធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការរីកចម្រើន គួរកត់សំគាល់ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៍បានផ្តាំផ្ញើ អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង ដែល ទើបឡើងចូលកាន់តំណែងថ្មី នឹងបន្តការងារ ខិតខំប្រឹងប្រែងធ្វើឲ្យ ខេត្តកំពង់ឆ្នាំង កាន់តែមាន
ការរីកចម្រើនជាបន្តទៀត ។
សូមបញ្ជាក់ថាក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គឺត្រូវបានប្រកាស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ពី អភិបាលរងខេត្ត ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមនៃ ចារី អភិបាលរងខេត្តកណ្ដាល ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណៈអភិបា លខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសតែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ៕ សុខ គឹមសៀន









