សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកបុណ្យសពចំនួន៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១កក្កដាឆ្នាំ២០២១ បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងខេត្តព្រៃវែង ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំនួន៤នាក់ ជាកម្មករ ដែលបានស្លាប់ដោយសារភ្លើងឆេះហាងលក់សាច់ប៉ាតេ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះ សព ៣នាក់ បានយកទៅបុណ្យនៅគេហដ្ឋានស្ថិតក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និងសពម្នាក់ទៀត យកទៅធ្វើបុណ្យនៅស្រុកណើតស្ថិតនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពអ្នកស្រី អឿន រដ្ឋា ជាស្ត្រីមេម៉ាយអាយុ ៣០ឆ្នាំ ដែលទទួលមរណភាពដោយភ្លើងឆេះហាងសាំងមួយកន្លែង នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើខេត្តកំពង់ចាម ផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងជួយសម្រាលដល់ជីវភាពរស់នៅដោយបានចូលរួមបុណ្យសពនីមួយៗនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស, និងថវិកា ៥លានរៀល។ សូមបញ្ជាក់ជូនថា ករណីអគ្គិភ័យឆេះហាងលក់សាច់ប៉ាតេ ដោយសារឆ្លងចរន្តអគ្គិសនី នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឱ្យកម្មករធ្វើសាច់ប៉ាតេចំនួន ៤នាក់ ទទួលមរណភាព។

ដោយឡែក ករណីអគ្គិភ័យឆេះហាងលក់សាំងមួយកន្លែង នៅចំភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ ឈ្មោះ អឿន រដ្ឋា អាយុ ៣០ឆ្នាំ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner