បារាំងរំពឹងថានឹងមានទណ្ឌកម្មប្រឆាំងហុងគ្រីចំពោះច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា
រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក Clement Beaune បាននិយាយកាលពីថ្ងៃពុធ ទី៣០ មិថុនាថា លោករំពឹងថានឹងមានទណ្ឌកម្មប្រឆាំងនឹងប្រទេសហុងគ្រី ចំពោះច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) របស់ប្រទេសអឺរ៉ុបប៉ែកកណ្ដាលមួយនេះ។

យ៉ាងណាមិញ លោក Beaune ថា ការរំពឹងនេះ មិនមែនក្នុងន័យចង់បណ្ដេញប្រទេសហុងគ្រីចេញពីសហភាពអឺរ៉ុបនោះទេ។
កាលពីសប្តាហ៍មុន មេដឹកនាំសហគមន៍អ៊ឺរ៉ុបបានប្រឈមមុខជាមួយលោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ជុំវិញច្បាប់ប្រឆាំងនឹងក្រុម LGBT ថ្មីរបស់ហុងគ្រី ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងប៊ុយដាប៉ែសក្នុងការបោះជំហានទៅមុខ។
សភាហុងគ្រីដែលគ្រប់គ្រងដោយគណបក្សជាតិនិយម Fidesz របស់លោក Orban បានអនុម័តច្បាប់ប្រឆាំងនឹងក្រុម LGBT កាលពីថ្ងៃទី ១៥ ខែមិថុនា ដោយច្បាប់នេះបានហាមឃាត់ការលើកកម្ពស់ការស្រឡាញ់ភេទដូចគ្នាដល់ក្មេងក្រោមអាយុ១៨ ឆ្នាំ ហើយថាមានតែគ្រូដែលទទួលការយល់ព្រមពីរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។
ក្រុមអ្នករិះគន់បាននិយាយថា ច្បាប់នេះរឹតតែអាក្រក់ជាងការហាមឃាត់កាលឆ្នាំ ២០១៣ របស់រុស្ស៊ី ទៅលើការឃោសនាការស្រលាញ់ភេទដូចគ្នាទៅទៀត។
កាលពីខែធ្នូ ឆ្នាំមុន សភាហុងគ្រីបានអនុម័តការហាមឃាត់លើការសុំកូនចិញ្ចឹមដោយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ខណៈច្បាប់នៃការហាមឃាត់លើការផ្លាស់ប្តូរភេទដោយស្របច្បាប់ បានចូលជាធរមានកាលពីឆ្នាំ ២០១៩។
សមាជិកនៃគណបក្ស Fidesz ដដែលធ្លាប់ខឹងច្រលោតកាលពីឆ្នាំ ២០១៩ ដោយអំពាវនាវឱ្យធ្វើពហិការលើផលិតផលរបស់ក្រុមហ៊ុនកូកាកូឡា ក្រោយក្រុមហ៊ុននេះចេញយុទ្ធនាការផ្សាយពាណិជ្ជកម្មដោយភ្ជាប់ជាមួយនឹងស្នាមញញឹមរបស់គូស្នេហ៍អ្នកស្រលាញ់ភេទដូចគ្នា និងពាក្យស្លោកប្រឆាំងនឹងការរើសអើង។