សហរដ្ឋអាមេរិក និងជប៉ុនធ្វើ«ល្បែងសង្គ្រាមសម្ងាត់» ហើយបរៀបចំផែនការសម្រាប់សង្គ្រាមនៅកោះតៃវ៉ាន់

សហរដ្ឋអាមេរិក​ និង​ជប៉ុន​បាន​ធ្វើ ​«ល្បែង​សង្គ្រាម​សម្ងាត់​» ដើម្បី​ត្រៀម​សម្រាប់​ជម្លោះ​ដែល​អាច​កើត​ឡើង​ជា​មួយ​ចិន​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​ The Financial Times ដែល​បាន​ដក​ស្រង់​សំដី​ពី​ប្រភព​យោធា​ជា​ច្រើន​។

បើ​យោង​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ចំនួន ​៦រូប​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ការ​រាយការណ៍​នេះ សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​បាន​ចាប់​ផ្ដើម​រៀប​ចំ​ផែនការ​សម្រាប់​ជម្លោះ​ដែល​អាច​កើត​ឡើង​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ ស្រប​ពេល​ជា​មួយ​នឹង​ការ​រៀប​ចំ​ផែនការ ក្រុង​វ៉ាស៊ីនតោន និង​តូក្យូ​បាន​ធ្វើ​ «ល្បែង​សង្គ្រាម​ និង​ការ​សម​យុទ្ធ​រួម​សម្ងាត់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​សមុទ្រ​ចិន​ខាង​កើត​»។ ប្រភព​ជា​ច្រើន​ បាន​និយាយ​ថា​​សម​យុទ្ធ​រួមគ្នា​​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ក្រោម​ «ការ​វឹក​ហាត់​ជំនួយ​គ្រោះ​មហន្តរាយ​»។

យោង​តាម​របាយការណ៍​នេះ កិច្ច​សហប្រតិបត្តិការ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រវាង សហរដ្ឋអាមេរិក ជប៉ុន និង​តៃវ៉ាន់ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ឆ្នាំ ២០១៧ ដើម្បី​ចែក​រំលែក​លេខ​កូដ​យន្តហោះ​យោធា ដែល​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​យន្តហោះ​សម្ព័ន្ធមិត្ត​។

ការ​ត្រៀម​ទាំង​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ភាព​តាន​តឹង​រវាង​ចិន​ និង​ជប៉ុន​កំពុង​កើន​ឡើង​។ ថ្មី​ៗ​នេះ ជប៉ុន​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បាន​បើក​នាវា​ឆ្លង​កាត់​ដែន​ទឹក​នៃ​ប្រជុំ​កោះ​Senkaku ​ជា​ទឹកដី​​គ្រប់​គ្រង​ដោយ​ប្រទេស​ជប៉ុន ប៉ុន្តែ​បាន​ទាមទារ​ដោយ​ប្រទេស​ចិន​។ ទីក្រុង​ប៉េកាំង​មិន​ទទួល​ស្គាល់​ការ​ត្រួតត្រា​របស់​ជប៉ុន​លើ​ប្រជុំ​កោះ​នេះ​ទេ ហើយចាត់ទុក​​ទឹក​ដី​នោះ​ថា​ប្រជុំ​កោះ​ Diaoyu​។ ប្រទេស​ជប៉ុន​ទទួល​បាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ទី​ក្រុង​ប៉េកាំង​​ចោទ​ប្រកាន់​ថា​បាន «ព្រួត​គ្នា​ធ្វើ​បាប» ចិន​ដី​គោក​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner