កូរ៉េខាងជើង ៖ ប្រជាជនកំពុងជួបភាព “ អត់ឃ្លាន” ខណៈពេលរដ្ឋាភិបាលជួបវិបត្តិផ្គត់ផ្គង់ស្បៀងក្នុងស្រុក
ការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ និងការផ្អាកសកម្មភាពផ្សេងៗ តាមបណ្តាយព្រំដែន របស់ខ្លួនជាមួយប្រទេសចិន និងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនាឆ្នាំ ២០២០ រួមជាមួយនឹងការរងផលប៉ះពាល់នៃព្យុះសង្ឃរាមួយ កំពុងធ្វើឱ្យកូរ៉េខាងជើង មានកង្វះខាតស្បៀងអាហារ យ៉ាងធ្ងន់ធ្ងរ ហើយក៏មានការព្រួយបារម្ភអំពីកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេស ដែលដាច់ស្រយាលតែឯងមួយនេះ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលស្គាល់អំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកាលពីខែមិថុនានេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង លោក គីម បាននិយាយថា «ស្ថានភាពស្បៀង អាហាររបស់ប្រជាជនឥឡូវនេះកំពុងតានតឹងហើយ» ។ វិស័យកសិកម្ម របស់យើងបានខកខានមិនបាន បំពេញនិងសម្រេចតាមផែនការក្នុងការផលិតគ្រាប់ ធញ្ញជាតិដោយសារតែការខូចខាតដោយសារព្យុះទីហ្វុងកាលពីឆ្នាំមុន។ លោកគីម ក៏បានលើកឡើងពីផលប៉ះពាល់ ដែលបង្កឡើងដោយសារមេរោគកូរ៉ូណាផងដែរ។ មេដឹកនាំកូរ៉េខាងជើង បាននិយាយថា « វាចាំបាច់ណាស់ សម្រាប់គណបក្សនិងរដ្ឋទាំងមូលដែលត្រូវផ្តោតលើវិស័យកសិកម្ម»។

លោកស្រីសាស្រ្តាចារ្យ Hazel Smith អ្នកជំនាញសិក្សាស្រាវជ្រាវកិច្ចការកូរ៉េខាងជើងនៃសាកលវិទ្យាល័យ SOAS ប្រចាំទីក្រុងឡុងដ៍ ដែលបានចំណាយពេលពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើដំនើរនិងស្រាវជ្រាវក្នុងប្រទេសកូរ៉េខាងជើងដើម្បីអភិវឌ្ឍលើការវិភាគទិន្នន័យកសិកម្ម សម្រាប់អង្គការយូនីសេហ្វនិងកម្មវិធីស្បៀងអាហារពិភពលោក។
លោកស្រី Smith ដែលបានធ្វើការស្រាវជ្រាវនិង ប្រមូលទិន្នន័យទូទាំងប្រទេសកូរ៉េខាងជើង បានមានប្រសាសន៍ថា ៖« កុមារអាយុក្រោម ៧ ឆ្នាំ ស្រីមានផ្ទៃពោះនិង ស្ត្រីបំបៅកូន មនុស្សចាស់ ទាំងនេះគឺ ជាក្រុមមនុស្សដែលកំពុងស្រេកឃ្លានឥឡូវនេះ» ។
វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានរៀបរាប់នៅក្នុងរបាយការណ៍កាលពីខែមុនថា ប្រទេសកូរ៉េខាងជើង ត្រូវការស្បៀងអាហារចំនួន ៥,២ លានតោនសម្រាប់ឆ្នាំ ២០២០ ប៉ុន្តែផលិតបានតែ ៤ លានតោនប៉ុណ្ណោះដែលធ្វើឱ្យមានការខ្វះខាតស្បៀងច្រើនជាងមួយលានតោន។
អង្គការស្បៀងអាហារនិងកសិកម្ម របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ប្រទេសមួយនេះនៅក្នុងខែមិថុនា ដោយគូសបញ្ជាក់ពីផលប៉ះពាល់នៃ គ្រោះរាំងស្ងួតនៅដើមឆ្នាំ ២០២០ ហើយជាអកុសលបន្ទាប់មកមាន ព្យុះទីហ្វុងជាបន្តបន្ទាប់ ហើយ ក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងខែសីហានិងខែកញ្ញា ដែលរារាំងការផលិតអាហារយ៉ាងខ្លាំង។

អង្គការស្បៀងអាហារនិងកសិកម្ម របស់អង្គការសហប្រជាជាតិ ថា ៖«ប្រសិនបើគម្លាតនិងកង្វះខាតនេះមិនត្រូវបានដោះស្រាយឲ្យបានទាន់ពេល វេលាតាមរយៈការ នាំចូល ការធ្វើពាណិជ្ជកម្មនិង ការទទួលយកជំនួយស្បៀងអាហារទេនោះ ក្រុមគ្រួសារ និងប្រជាជននៅកូរ៉េខាងជើងអាចជួបប្រទះនូវភាពអត់ឃ្លានក្នុងចន្លោះរវាងខែសីហា និងតុលានាឆ្នាំ ២០២១ខាងមុខ» ។
នៅក្នុងប្រទេសកូរ៉េខាងជើង មានប្រជាជនប្រមាណ ១០ លាននាក់ ត្រូវបានគេចាត់ទុកថាជួបប្រទះនឹងអសន្ដិសុខស្បៀង ។ក្នុងនោះមានកុមារចំនួន ១៤០.០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំទទួលរងនូវកង្វះអាហារូបត្ថម្ភណាស់។ ខណៈពេលដែលអ្នកការទូតបរទេស និងក្រុមអន្តរាគមន៍សង្គ្រោះស្ទើរតែទាំងអស់បានចាកចេញពីកូរ៉េខាងជើង របាយការណ៍ដដែលនេះបង្ហាញថាស្ថានការណ៍កំពុងតែអាក្រក់ទៅៗ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម លេខ ២៣៧៥ និង ២៣៩៧ នៅក្នុងខែកញ្ញានិងខែធ្នូឆ្នាំ ២០១៧ ដើម្បីកម្រិតការនាំចេញប្រេងឆៅរបស់កូរ៉េខាងជើងនិងផលិតផលប្រេងចម្រាញ់ជាដើម។
ប្រទេសកូរ៉េខាងជើង បានទទួលរងការបង្កើនទណ្ឌកម្មសម្រាប់ កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៦ ។ ប៉ុន្តែបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានក្លាយជាប្រធានាធិបតី សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ លោកបានចាប់ផ្តើមយុទ្ធនាការដាក់សម្ពាធជាអតិបរមា ដោយដឹកនាំការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងអនុវត្តការដាក់ទណ្ឌកម្ម របស់អាមេរិកដោយឯកតោភាគីដើម្បី បង្ខំឲ្យ មេដឹកនាំកូរ៉េខាងជើង បោះបង់ចោលកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ។

ដោយសារផលប៉ះពាល់ដោយសារជំងឺកូវិឌ១៩ និងការបិទខ្ទប់ផ្សេងៗ ក្រុមជួយសង្គ្រោះមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងជើង របស់អង្គការយូនីសេហ្វ និងកាកបាទក្រហម បានចាកចេញនៅខែធ្នូឆ្នាំ ២០២០ស្ទើតែអស់ទៅហើយ។ ។