មន្រ្តីមន្ទីរសុខាភិបាល ខេត្តកោះកុង ថ្លែងអំណរគុណដល់បងប្អូនក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលបានចូលរួមយ៉ាងសកម្មដឹកវ៉ាក់សាំងចាក់ជូនពលរដ្ឋ


លោក ម៉ន សុគន្ធា មន្រ្តីមន្ទីរសុខាភិបាលខេត្ត តំណាងប្រជាពលរដ្ឋ មន្រ្តីរាជការទូទាំង ខេត្ត កោះកុង បានថ្លែងអំណរគុណ ដល់បងប្អូនក្រុមមហាគ្រួសាររថយន្ត OFF ROAD ដែលបានចូលរួម ក្នុងយុទ្ធនាការដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ទាំង៥ស្រុក ក្នុងខេត្តកោះកុង ។


ក្នុងយុទ្ធនាការដឹកវ៉ាក់សាំងដូសទី១នេះ បងប្អូនក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានចូលរួមជួយដឹកយ៉ាងសកម្ម ដោយចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន ពិសេសគឺកម្លាំងកាយ និងកម្លាំងចិត្តមិនគិតពីការនឿយហត់ ទោះបីត្រូវឆ្លងកាត់ផ្លូវដ៍លំបាក និងឧបសគ្គទៅកាន់តំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ។ មន្រ្តីសុខាភិបាលរូបនេះ សង្ឈឹមជឿជាក់ថា ដូសទី២ បងប្អូនក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នឹងចូលរួមជួយដឹកវ៉ាក់សាំងបន្តទៀត ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីត-១៩ ដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា យុទ្ធនាការដឹកវ៉ាក់សាំងរបស់បងប្អូនក្រុមមហាគ្រួសាររថយន្ត OFF ROAD ដូសទី១ ទៅកាន់ស្រុកទាំង៥ ដោយក្រុមការងារកងយោធិពលខេមរភូមិន្ទចាក់បានសរុប៣៩៥៤២នាក់ រីឯក្រុមការងារខេត្តចាក់បានខេត្ត ៣៨១០៦នាក់ ចាប់ផ្តើមពីថ្ងៃទី២១ដល់ទី២៩ ខែមិថុនា ឆ្នាំ២០២១ ហើយសម្រាប់យុទ្ធនាការដឹកលើកទី២ ក្រុមការងារមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី៩ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២១ ៕
