រដ្ឋបាលខេត្តឧត្តរមានជ័យទទួល ឧបករណ៍ សំភារៈ ពីក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩
ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩ រួមទាំងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមទទួលអំណោយជាឧបករណ៍សំភារៈពីរ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ខណៈកម្ពុជា និងខេត្តឧត្តរមានជ័យកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរអរគុណ និងជូនពរដល់ លោក នាយកក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាតរបស់បងប្អូនប្រជាពលករចំណាកស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។
ពិធីប្រគល់ឧបករណ៍ និងសំភារៈ នេះដឹកនាំដោយលោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួមទាំងសហការី ដោយមានសំភារៈរួមមាន៖ ម៉ាស៊ីនវាស់កំដៅ និងប្រដាប់បាញ់អាកុល ចំនួន២៥ . ម៉ាស ចំនួន៤៧៨ប្រអប .អាកុល ចំនួន១២០ដប .ជែលលាងដៃចំនួន ១១៧ដប .ជែលធុងចំនួន២៩ធុង .ទឹកសិទ្ធកម្ពុជា ២០០កេះ .អង្ករ ចំនួន៣តោន ៕ស៊ី សែង



