ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS បានឧបត្ថម្ភអាល់កុលចំនួន១០កេស ដល់រដ្ឋបាល ខេត្តសៀមរាប
ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានឧបត្ថម្ភអាល់កុល តាមរយៈគម្រោងកម្មវិធី ACCESS ដែលមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ត្រូវបានមន្ទីរកិច្ចការនារី ខេត្តសៀមរាប ផ្តល់ជូននូវអាល់កុលចំនួន១០កេស ស្មើ ៩៩៩ដប យកមកប្រគល់ជូនរដ្ឋបាលខេត្ត ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ។
ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគ បរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេលមានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ សរុបចំនួន១ពាន់២៦៩នាក់ ព្យាបាលបានជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៧៧៣នាក់ ។ ក្នុងនោះដែរឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

