បុរសម្នាក់ បើករថយន្ត Lexus មួយគ្រឿងបុករថយន្ត prius ពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក Lexus RX300 មួយគ្រឿង ក្នុងល្បឿនលឿនបុករថយន្ដម៉ាក់ Toyota prius ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9148 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7712 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសពីជើងទៅត្បូង ក្នុងល្បឿនលឿនអកហ្សឺជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តម៉ាក Toyota prius ពេញទំហឹង បណ្ដាលឱ្យរថយន្តម៉ាក Toyota prius រងការខូចខាតផ្នែកខាងមុខចំហៀងស្តាំយ៉ាងដំណំ រីឯរថយន្តម៉ាក Lexus RX300 វិញរងការខូចខាតកំពឹតកាងបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងបាញ់ថ្នាំយករថយន្តទាំង២គ្រឿងមកដាក់ទុកអែបកៀនខាងសិន ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តម៉ាក Lexus RX300 ជាអ្នកបង្ក ក៏យល់ព្រមសង់សំណង់ទៅខាងម្ចាស់ភាគីរថយន្តម៉ាក Toyota prius ជាអ្នករងគ្រោះចំនួន១៣៥ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner