ប្រធានាធិបតីរុស្ស៊ី និងបារាំងធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទផ្តោតសំខាន់លើស្ថានភាពនៅអ៊ុយក្រែន លីប៊ី និងទំនងនាក់រវាងរុស្ស៊ី-សហភាពអឺរ៉ុប (មានវីដេអូ)
Video: https://fb.watch/6vGo61iOMw/
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងលីប៊ី ក្នុងចំណោមរបៀបវារៈសំខាន់ៗដទៃទៀត តាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃសុក្រសប្តាហ៍នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន និងលោក ម៉ាក្រុង បានសង្កត់ធ្ងន់ពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការជំរុញដំណើរការនយោបាយបន្ថែមទៀត ដោយមានការចូលរួមពីកងកម្លាំងសំខាន់ៗរបស់លីប៊ី ។ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែនវិញ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចពិភាក្សាគ្នាដោយមានគោលបំណង ដើម្បីអនុវត្តអោយបានខ្ជាប់ខ្ជួននូវកញ្ចប់វិធានការទីក្រុងមីនស៍ ឆ្នាំ២០១៥ ។
ទន្ទឹមនេះ លោក ពូទីន និងលោក ម៉ាក្រុង ក៏បានពិភាក្សាគ្នាពីទស្សនវិស័យនៃការអភិវឌ្ឍចំណងទាក់ទងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប ក៏ដូចជាកិច្ចសហប្រតិបត្តិទ្វេភាគីផងដែរ ។ កិច្ចពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនេះដែរ បានកើតមានឡើងក្រោយមេដឹកនាំសហភាពអឺរ៉ុបបានច្រានចោលសំណើររបស់បារាំង និងអាល្លឺម៉ង់កាលពីខែមុន ក្នុងការរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CGTN

