សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានការងារសំខាន់៣ ដែលត្រូវធ្វើរួមគ្នារវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក្នុងកាលៈ ទេសៈកូវីដ-១៩នេះ(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម វ៉ូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងប្រាប់ទៅ ឯកអគ្គរដ្ឋទូតវៀតណាមថា ក្នុងកាលៈទេសៈនេះ មានការងារសំខាន់ ៣ គម្បីត្រូវធ្វើរួមគ្នា រួមមានទី១. រួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈវិធានសុខាភិបាលតែធ្វើយ៉ាង ណាកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា, ទី២.បន្តជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទី៣. ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន។

ក្រោយចប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋវៀតណាមប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម វ៉ូ ក្វាងមិញ បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅព្រះ រាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល ៣ឆ្នាំ ៧ខែកន្លងមក លោកបានសង្កេតឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើនគួរឱ្យកត់សំគាល់ ពិសេសទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ មានការកើនឡើងផងដែរ ។ ឯកឧត្តមថានេះគឺជាជោគជ័យសម្រាប់អ្នកការទូត ។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ូ ក្វាងមិញ ក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា ដែលបានជួយជ្រោមជ្រែង ធ្វើឱ្យបេសកកម្ មកាទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងអ្វីដែលឯកឧត្តម វ៉ូ ក្វាងមិញ បានលើកឡើង ហើយបានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ូ ក្វាងមិញ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងរឹងមាំ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមទូតថា ក្នុងកាលៈទេសៈនេះ អ្វីដែលត្រូវចាំបាច់រួមគ្នាធ្វើ គឺទី១. ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណា កុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា ។ ទី២. បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។ ទី៣. ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម វូ ក្វាងមិញ សូមឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់ឯកឧត្តម នាថ្ងៃអនាគត ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner